ដោយគង់ សូរិយា
ភ្នំពេញ: អគ្គនាយកក្រុមហ៊ុនផ្សារទំនើបដ៏ធំនៅកម្ពុជាបានអះអាងថា មនុស្សចំនួន១៨លាននាក់បានដើរកំសាន្តនៅផ្នៅផ្សារទំនើបAEON MALL1កាលពីឆ្នាំមុន ជាចំនួនដ៏ច្រើន និងលើសការរំពឹងទុក។
អគ្គនាយកផ្សារទំនើបAEON MALLលោកSheichi Chibaបានថ្លែងឲ្យដឹងក្នុងពិធីបើកសម្ភោធផ្សារទំនើបនេះនាព្រឹកថ្ងៃទី២០ មិថុនានេះថា ចំនួនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសរហូតដល់១៨លាននាក់ បានដើរកំសាន្តនៅផ្សារទំនើបទី១របស់យើង ហើយយើងរំពឹងថា ប្រជាជនកាន់តែច្រើនមកកាន់ផ្សារទំនើបទី១ និងទី២បន្ថែមទៀត ដោយសារទស្សនវិស័យរបស់ផ្សារទំនើបAEON MALLនាំមកនូវភាពភ្ញាក់ផ្អើល ភាពរីករាយ និងកាន់តែរំភើប។
លោកបន្តថា “ផ្សារទំនើបAEON MALL2 ដែលវិនិយោគនៅកម្ពុជា មានភាពទំនើបជាង ប្រណីតជាងផ្សារទំនើបAEON MALLនៅប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី”។
ទាក់ទងនឹងគំរោងផ្សារទំនើបAEON MALL3 លោកSheichi Chibaមិនទាន់បង្ហើបឲ្យដឹងថាសាងសង់នៅពេលណា និងគ្រោងបោះទុនវិនិយោគប៉ុន្មានលានដុល្លារនៅឡើយទេ។
ការមកដល់ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានធ្វើឲ្យផ្សារទំនើបក្នុងស្រុកជាច្រើន ប្រឈមមុខនឹងបញ្ហា ដូចជាផ្សារទំនើបCITY MALL ផ្សារទំនើបដទៃទៀតបានស្ងប់ស្ងាត់អតិថិជន ហើយស្តង់នៃផ្សារទំបនើបមួយចំនួនបានបិទទ្វារជាច្រើន។
លោកលាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia ដែលតែងតែតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានមានប្រសាសន៍ថា ភាពជោគជ័យនៃផ្សារទំនើបរបស់ជប៉ុន មិនមែនកើតឡើងដោយចៃដន្យនោះទេ ផ្ទុយទៅវិញអ្នកវិនិយោគជប៉ុនមុនមកវិនិយោគនៅកម្ពុជា ពួកគេបានសិក្សាច្បាស់លាស់ណាស់លើប្រពៃណី ចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរ សិក្សាពីស្ថានភាពទីផ្សារ និងអំណាចនៃការទិញកើនឡើង និងអ្វី ដែលផ្សារទំនើបក្នុងស្រុកមិនទាន់បំពេញបាននៅឡើយ។
លោកបន្តថា “ការសិក្សាលើមូលដ្ឋានប្រពៃណី ចំណូលចិត្តនិងអំណាចនៃទីផ្សារបានធ្វើឲ្យក្រុមហ៊ុននេះរកឃើញមូលដ្ឋានមួយ ដែលពួកគេត្រូវបំពេញ ហេតុនេះការទទួលបានជោគជ័យរបស់ពួកគេ ឈរលើមូលដ្ឋានមានលក្ខណៈវិទ្យាសាស្រ្តមួយ”៕