ដោយៈឧត្តម
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់វិធានការក្តៅចំនួន៩ដើម្បីឱ្យពលរដ្ឋ កម្មករ កម្មការិនី នៅភ្នំពេញ ចូលរួមអនុវត្តន៍វិធានការសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំ នូវចំណុចសំខាន់ៗដូចខាងក្រោមដូចជា ទី១ ត្រូវបង្កើតស្មារតីប្រុងប្រយ័ត្នខ្បស់ចំពោះ ភ្លើងទៀត ធូប ភ្លើងចង្រ្កាន ការប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័នហ្គាស និងចរន្តអគ្គិសនី ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ និងដើម្បីបញ្ចៀសការបាត់បង់ទ្រព្យសម្បត្តិនិងអាយុវជីវិប្រជាពលរដ្ឋទូទៅ ។
ទី២ ហាមដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្សៅ លាបធ្យូង វាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ដែលជាសកម្មភាពខុសច្បាប់។ ទី៣ ជៀសវាងការធ្វើដំណើរចេញក្រៅលំនៅឋាន ឬទីសំណាក់ដែលមិនចាំបាច់ និងចៀសវាងការធ្វើដំណើរកម្សាន្ត ឬធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ ដែលអាចជាហានិភ័យខ្ពស់ នៃការចម្លងជំងឺកូវីដ១៩ ទៅបុគ្គលដទៃ គ្រួសារផ្សេងទៀត និងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ព្រោះថារាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាល កំណត់ថាជាទីតាំងភូមិសាស្ត្រក្នុងចំណោម៥ រាជធានីខេត្ត មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ។
ទី៤ ផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំ និងការរៀបចំសង្ក្រាន្តតាមបណ្ដាខណ្ឌទាំង១៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ ។ ទី៥ ហាមដាច់ខាតការប្រមូលផ្ដុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី កម្មវិធីរាំច្រៀង ពិធីជប់លៀង និងការជួបជុំគ្រប់ប្រភេទ ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន លើកលែងតែមានការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។
ទី៦ គ្រប់វត្តអារាម ទីកន្លែងសក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្មដ្ឋាននិងទីតាំងសប្បាយនានា ត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ច ក្នុងនោះ គណៈគ្រប់គ្រងឬម្ចាស់ទីតាំង ត្រូវចាត់ចែងអនុវត្ត ដូចជាមានអ្នកវាស់កម្ដៅ បាញ់អាល់កុល ចែកម៉ាស និងចូលរួមអនុវត្តការស្កែន QR Code ទប់ស្កាត់កូវីដ។ អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឱ្យបានត្រឹមត្រូវ រៀបចំទីតាំងឱ្យមានខ្យល់ចេញចូល ជាអតិរមា ចៀសវាងដាច់ខាតការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន ខុសពីវិធានការសុខាភិបាល ។
ទី៧ ចំពោះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពែញ មិនត្រូវដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល សំដៅបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ ក្នុងចំណោមអ្នកបើកបរ បុគ្គលិក និងអ្នកដំណើរទាំងឡាយ ដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនខ្លួន ។
ទី៨ សូមលើកទឹកចិត្តចំពោះការសម្រាកជួបជុំ ក្រុមគ្រួសារនៅក្នុងលំនៅឋានរៀងៗខ្លួន ហើយប្រសិនជាមានតម្រូវការចាំបាច់ខានមិនបាន ក្នុងការធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ជានិច្ចការគោរពច្បាប់ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ទី៩ ត្រូវង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តវិធានការការពារខ្លួន គ្រួសារ និងសហគមន៍ ស្របតាមរបត់ថ្មីគឺការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈការប្រកាន់ខ្ជាប់ នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕