កិច្ចសហការ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការបង្កើន​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស

0

ដោយ សហការី

ភ្នំពេញ៖ ការថ្លែងអំណរគុណ​និង​កោតសរសើរ រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ចូលរួម​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ថ្លែងអំណរគុណ​និង​សូម​កោតសរសើរ រដ្ឋបាល​ខេត្តសៀមរាប ដែល​បានផ្តល់​កិច្ចសហការ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដែល​តម្រូវឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នៅ​ខេត្តសៀមរាប ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បង្គោល​អង់​តែ​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា មុនពេល​សាងសង់។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​ខេត្តសៀមរាប​បន្ត​អនុវត្ត​វិធានការ និង​មាន​ចំណាត់ការ​ចំពោះ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា​ដែល​មិន​គោរព​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត។ ក្នុងករណី​ចាំបាច់ រដ្ឋបាល​ខេត្តសៀមរាប​អាច​ជូនដំណឹង ឬ​ស្នើសុំ​កិច្ចសហការ​ជាបន្ទាន់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​មាន​ចំណាត់ការ​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ក្រសួង​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី  និង​ខេត្តផ្សេងៗទៀត​ចូលរួម​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តផ្សេងៗពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

កិច្ចសហការ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការបង្កើន​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here