ដោយ សុខុម
ហុងកុង: ទីផ្សាភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់ នៅថ្ងៃអង្គារ ទី១៣ មេសានេះ បន្ទាប់ពីការនាំចេញ របស់មហាយក្សចិន មានសន្ទុះកើនឡើងខ្លាំងអំឡុង ខែមីនា ដើមឆ្នាំនេះ ហើយការនាំចូលក៏បានកើនឡើង ខ្ពស់ដែលធ្វើឱ្យបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមថា ការកើនឡើងតម្រូវការក្នុងស្រុកជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកំពុងងើបឡើងពីវិបត្តិកូវីដ-១៩។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets នេះឱ្យដឹងថា MSCI ដែលជា សន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតរបស់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,៤% នៅ ថ្ងៃអង្គារនេះ។
នៅប្រទេសអូស្រ្តាលី សន្ទស្សន៍ផ្សារភាគហ៊ុន S&P/ASX200 មានសភាពនៅទ្រឹង ខណៈផ្សារ ភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,១%។ ហើយ សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index បានហក់ឡើងជិត១% ខណៈសន្ទស្សន៍ផ្សារ ភាគហ៊ុនរបស់មហាយក្សចិន CSI 300 Index បានហក់ឡើង០.៥%។
ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េខាងត្បូង KOSPI 200 Index បានហក់ឡើងទ្វេដងរហូត ដល់១%។
តួលេខដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនេះបង្ហាញថា ការនាំចេញរបស់មហាយក្សចិន បានកើនឡើង ខ្ពស់រហូតដល់ទៅ៣០,៦%នៅខែមីនា ចំណែកឯការ នាំចូលបានកើនឡើងរហូតដល់៣៨,១% បើ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៤ឆ្នាំ ដែលក្រុមអ្នកវិភាគនិយាយថា ការកើន ឡើងតម្រូវការក្នុងស្រុកឆ្លុះបញ្ចាំងពីការងើបឡើងក្រោយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។ លោក John Woods ប្រធានផ្នែកវិនិយោគប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារស្វ៊ីស Credit Suisse បានលើកឡើងថា “ប្រទេសចិន កំពុងទទួលបាន អត្ថប្រយោជន៍ពីការងើបឡើងដំបូងយ៉ាងឆាប់រហ័សរបស់ខ្លួន ប៉ុន្តែទន្ទឹមនេះសេដ្ឋកិច្ចពិភពលោក ក៏កំពុង បង្កើនល្បឿន និងងើបឡើងផងដែរ ហើយនោះនឹង កាត់បន្ថយលទ្ធផលនាំចេញរបស់ប្រទេសចិន នៅក្នុង ត្រីមាសខាងមុខ”។
នៅក្នុងសហរដ្ឋអាមេរិក ឯណោះវិញ សន្ទស្សន៍ ផ្សារភាគហ៊ុន Dow Jones Industrial Average បានធ្លាក់៥៥,២ពិន្ទុ ឬ ០,១៦%។ ហើយផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះ៥០,១៩ពិន្ទុឬ ០,៣៦%។
លោក Eric Rosengren ប្រធានធនាគារ Boston Federal Reserve Bank ដែលស្ថិតក្រោមចំណុះ ធនាគារកណ្ដាល Federal Reserve របស់ សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី១២ មេសាថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹង មានសន្ទុះងើបឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយប័ណ្ណ និងគោលនយោបាយសារពើពន្ធ ប៉ុន្តែទីផ្សារ ការងាររបស់ប្រទេសនេះនៅតែប្រឈមនឹងភាពទន់ខ្សោយនៅឡើយ៕