ដោយ:គង់ សូរិយា
ភ្នំពេញ: ទោះបីវាជាថ្ងៃទីមួយនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងណាក្តី ក៏អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតែបវន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១៤ មេសានេះ គណៈកម្មការវ៉ាក់សាំងខ័ណ្ឌដូនពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ២០០នាក់ នៅក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនភ្នំដដូនពេញ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបំពេញបេសកម្មចាក់វ៉ាក់សាំងជូនដល់កម្មករនិយោជិត ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងសមាគមនិយោជកនៅតាមរោងចក្រ សហគ្រាសជាធម្មតា។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យការចាក់វ៉ាក់សាំងជូនកម្មករ និយោជិតនាព្រឹកថ្ងៃទី១៤ មេសានេះថា ដោយសារពេលនេះ នៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លង និងរីករាលដាលជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ កម្មករនិយោជិត និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរស់នៅទីក្រុងភ្នំពេញ ត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំង។
លោកបន្តថា “ពួកគាត់ជាជនងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ១៩បំផុត” ។ លោកបន្តថា “តាមគម្រោងយើងនឹងចាក់នៅតំបន់វេងស្រេងឲ្យបានពី៧ ទៅ៨ម៉ឺននាក់ ក្នុងចំណោម១០ម៉ឺននាក់ ដែលយើងគ្រោងក្នុងជំហានទី១ ប៉ុន្តែរោងចក្រមួយចំនួន ដែលយើងបានគ្រោងរៀបចំបើកដាក់ឱ្យដំណើរការ ត្រូវបានដកថយ និងផ្អាកដំណើរការវិញ ដោយសារតែមានការផ្ទុះនូវជំងឺកូវីដ១៩នេះ” ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់វេងស្រេងទាំងមូល គឺចាក់បានប្រមាណ៣ម៉ឺននាក់ដែរ ក្នុងចំណោមផែនការដែលយើងចាក់ឲ្យបាន ៨ម៉ឺននាក់ នៅក្នុងតំបន់ហានិភ័យខ្ពស់នេះ។
គិតចាប់ពីថ្ងៃទី៧ រហូតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាក់បានចំនួន ៦៥ ៨២៣នាក់ (បរទេសចំនួន២ ៦០៨នាក់) ក្នុងចំណោមអ្នកមកចាក់ចំនួន ៦៨ ១១៩នាក់(បរទេសចំនួន ២ ៦២៨នាក់) ៕