ក្នុងស្ថានភាព​វិបត្តិៈ​តើ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​អាច​ទទួល​កម្ចី​ពី​ធនាគារ​បានល្អ​ប្រសើរ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តើ​ក្នុង​កាលៈទេសៈ​នេះ តើ​គួរ​ធ្វើយ៉ាងណា ទើប​អាច​ទទួលបាន​កម្ចី​ពី​ធនាគារ? និង​ទទួលបាន​លក្ខ​ខ័​ណ្ឌ​ពិសេស ខណៈដែល​ជំងឺ​កូ​វីដ១៩ កំពុង​វាយលុក?។

ឆ្លើយតប​ទៅនឹង​ប្រធានបទ​មួយ​ខាងលើនេះ អ្នកជំនាញ​ហិរញ្ញវត្ថុ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក​ង៉ែត ជូ បាន​មានប្រសាសន៍ថា មិន​ថា​ស្ថិតនៅក្នុង​កាលទេសៈ ឬ​បរិបទ​ណា​នោះទេ មុនពេល​សម្រេចចិត្ត​ស្វែងរក និង​ទទួលយក​កម្ចី​ពី​ធនាគារ​ណាមួយ ចាំបាច់​ត្រូវតែ​ស្វែងយល់​ពី​ធនាគារឯកជន​ឱ្យបាន​ច្បាស់​ជាមុនសិន។

លោក​បន្តថា មុនពេល​ធ្វើការ​ចរចា​ជាមួយ​ភាគី​តំណាង​ធនាគារ យើង​គ​ម្បី​ដឹងថា ធនាគារឯកជន​គឺជា​ស្ថាប័ន​មួយ ដែល​ស្វែងរក​ប្រាក់ចំណេញ តាមរយៈ​ការទទួលបាន​ការប្រាក់​កម្ចី​ពី​អតិថិជន ហើយ​យើង​ក្នុងនាម​ជា​អតិ​ជន ក៏​ទទួលបាន​ផលប្រយោជន៍​ពី​កម្ចី​ធនាគារ ដោយ​យកប្រាក់​កម្ចី​មក​ដំណើរការ​អាជីវកម្ម ឬ​បង្វិល​សាច់ប្រាក់​នៅក្នុង​មុខ​ជំនួញ​ណាមួយ ដើម្បី​ទទួលបាន​ចំណេញ​ដូចគ្នា ដូច្នេះ​មានន័យថា ភាគី​ទាំង២គឺជា​ដៃគូ​វិនិយោគ​ដើម្បី​ផលចំណេញ​ដូចគ្នា។

លោក​បញ្ជាក់ថា “អ្នកមាន​បញ្ហា​សាច់ប្រាក់​ខ្លះ គឺ​ចង់បាន​សាច់ប្រាក់​ជំនួយភ្លាមៗមក​ដោះស្រាយ​បញ្ហា បើទោះជា​ត្រូវ​បង់​ការប្រាក់​ខ្ពស់​ក៏​ទទួលយក ប៉ុន្តែ​នៅពេលដែល​ឮថា​កម្ចី​ពី​ធនាគារ​គឺមាន​ភាព​រា​រ៉ែ​ក ហើយ​មិនសូវមាន​ទំនុកចិត្ត​ក្នុង​ទទួលបាន​កម្ចី​ពី​ធនាគារ​នោះទេ(ភ័យព្រួយ​ខ្លាច​មិនបាន​កម្ចី)រឹតតែ​មិន​ហ៊ាន​ចរចា​ជាមួយ​ភាគី​ធនាគារ” ។

លោក​បន្តថា មិន​ថា​ទោះជា​អ្នក​គោលបំណង​អ្នក​ខ្ចី សម្រាប់​ដោះស្រាយ​អាជីវកម្ម​លក្ខណៈ​គ្រួសារ ឬ​កម្ចី​សម្រាប់​ការវិនិយោគ ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក៏ដោយ មុនពេល​សម្រេចចិត្ត​ទទួលយក​កម្ចី​ពី​ធនាគារ​ណាមួយ អ្នក​គ​ម្បី​ត្រូវតែ​សិក្សា​ពី​ធនាគារ​ដទៃទៀត​ឱ្យបាន​យ៉ាងតិច៣-៤ ដើម្បី​បានដឹង​ពី​លក្ខខណ្ឌ​នានា និង​ប្រៀបធៀប​គ្នា​រវាង​ធនាគារ​ទាំងនោះ ដោយ​មិនត្រូវ​មានតែ​ជម្រើស​តែមួយ​នោះទេ។

ព្រោះ​ធនាគារ​តែងមាន​លក្ខខណ្ឌ​ផ្សេងគ្នា ដូចជា​អត្រា​ការប្រាក់ រយៈពេល​នៃ​ការបង់ ការកំណត់​យក​វត្ថុ​បញ្ចាំ​ជាដើម។ ម្យ៉ាងទៀត​ការណ៍​ដែល​បានដឹង​ព័ត៌មាន​ធនាគារ​ផ្សេងគ្នា​បាន​ច្រើន យើង​ក៏មាន​ជម្រើស​កាន់តែច្រើន។ យើង​មិន​ត្រូវឱ្យ​ភាគី​ធនាគារ​ជា​អ្នក​ជ្រើសរើស​យើង​នោះទេ ប៉ុន្តែ​យើង​ទេ​ជា​អ្នក​ជ្រើសរើស​ធនាគារ។

លោក​បាន​លើកឡើងថា ទោះជា​ស្ថិតនៅក្នុង​កាលទេសៈ​បែប​នេះ​ក៏ដោយ នៅពេលដែល​បាន​សិក្សា​លម្អិត ទៅលើ​លក្ខ​ណ្ឌ​នានា របស់​បណ្តា​ធនាគារ​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់​កម្ចី​រួចរាល់ ជាមួយនឹង​ការសិក្សា​ទៅលើ​មុខ​ជំនួញ​ផ្ទាល់ខ្លួន ក៏ដូចជា កម្ចី​សម្រាប់​វិនិយោគ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ផ្នែក​ណាមួយ រួមជាមួយ​នឹង​រំហូរ​សាច់ប្រាក់​ប្រចាំខែ​ដែល​អាច​សមល្មម ក្នុងការ​ទូទាត់​សង់​បង្វិល​ជាប្រចាំ​ខែ ក្នុង​រយៈពេល​យូរ និង​មានស្ថេរភាព​នោះ អ្នក​ពិតជា​នឹង​អាច​ទទួលបាន​កម្ចី ពី​ធនាគារ​បាន​យ៉ាង​ល្អ​ស្របតាម​បំណង​ជាក់​ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here