ដោយៈ ប៊ី
ភ្នំពេញៈ ការនាំចេញរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ប្រមាណ៩៩,០៧លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះស្ថិតក្នុងពេលមានវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់សមាគមពាណិជ្ជកម្មអន្តរជាតិ (Kita)។
របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានទំហំទឹកប្រាក់២៤១,៧ ដុល្លារ កើនឡើង១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។
-->
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ”។
អ្នកជំនាញផ្នែកពាណិជ្ជកម្ម ក៏បានលើកឡើងថា តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត៕