ប្រធានCVEA ស្ថិតក្នុងដំណាក់កាលនេះការទិញលក់នៅតែបន្ត សម្រាប់អចលនទ្រព្យមានតម្លៃល្អ

ចែករំលែក

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានមានប្រសាសន៍៍ថា ក្នុងវិបត្តិកូវីដ១៩នាពេលនេះ ស្ថានភាពងវិស័យអចលនទ្រព្យហាក់មានបញ្ហាខ្លះ ប៉ុន្តែចរន្តទិញលក់អចលនទ្រព្យ ដែលមានតម្លៃល្អនៅតែមានសកម្មភាពទិញលក់ដដែល។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មេសានេះថា និន្នការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ដែលមានធនធានពួកគេនៅតែបន្តទិញ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃល្អ និងផ្តល់ផលចំណេញដល់ការវិនិយោគ។ លោកបន្តថា អចលនទ្រព្យ ដែលនៅតែមានសកម្មភាពទិញលក់ទាំងនោះ ភាគច្រើនមានតម្លៃក្រោម១លានដុល្លារអាមេរិក។

លោកបន្តថា “”ទោះជាយ៉ាងណា យើងទទួលស្គាល់ថាទីផ្សារទាំងមូលហាក់ទ្រឹងបន្តិច ប៉ុន្តែវិបត្តិនេះមិនអូសបន្លាសពេលយូរឡើយ យើងរំពឹងថាវានឹងបញ្ចប់នាពេលឆាប់ៗនេះ ដោយសារការខិតខំរបស់រដ្ឋាភិបាល”។លោកបន្តថា “បច្ចុប្បន្នតាមរយៈប្រព័ន្ឋនៃការតេស្តលឿន និងការចូលរួមរបស់ប្រជាពលរដ្ឋ យើងរំពឹងថាអ្វីៗវានឹងឈានមករកភាពល្អប្រសើរនាពេលឆាប់ៗនេះ”។

ទាក់ទងនឹងការហូរចូលត្រលប់មកវិញ របស់អ្នកវិនិយោគបរទេស លោកច្រឹក សុខនីមបានថ្លែងថា ស្ថានភាពនាពេលនេះមានភាពស្ងប់ស្ងាត់ ដោយអ្នកវិនិយោគអន្តរជាតិកំពុងរង់ចាំមើលស្ថានភាពនៃការគ្រប់គ្រងជំងឺនេះ និងការឆ្លងរាលដាលមជំងឺកូវីដ១៩នៅលើពិភពលោកនៅតែមានកំនើននៅឡើយ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានមានប្រសាសន៍ថា អ្នកវិនិយោគអន្តរជាតិចូលមកកម្ពុជា អាចរង់ចាំរហូតដល់ឆ្នាំ២០២២ ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅតែមានភាពសកម្ម ហេតុនេះអ្នកវិនិយោគនានាពួកគាត់មានការព្រួយបារម្ភពីការធ្វើដំណើរ និងសុខភាពរបស់ពួកគេ៕


ចែករំលែក