ដោយៈ ប៊ី
ភ្នំពេញៈ អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាងបានលើកឡើងថា ការស្ថាបនាស្ពាន និងផ្លូវឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា ខេត្តមណ្ឌលគិរី នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅតាមរមណីយដ្ឋាន និងខ្សែក្រវ៉ាត់ព្រំដែនផងដែរ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងអំឡុងពេល លោកការចុះត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងពីរ កាលពីម្សិលមិញ។ នេះបើយោងតាមរដ្ឋបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
លោកបានឱ្យដឹងថា គោលបំណង ដើម្បីពិនិត្យមើលការអនុវត្ត ការស្ថាបនាស្ពានអូរផ្លាយ ១កន្លែង និងផ្លូវ ១ខ្សែ ឆ្ពោះទៅច្រកទ្វារព្រំដែន ក្នុងស្រុកពេជ្រាដា ជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលប្រើប្រាស់ថវិកាជាតិ។
លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ស្ថាបនាស្ពាន និងផ្លូវនេះ ឱ្យសមស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស ដើម្បីធ្វើយ៉ាងណា ឲ្យមានគុណភាព ក្នុងការប្រើប្រាស់ឱ្យបានយូរអង្វែង។
លោកអភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការសាង់សង់ស្ពាន និងផ្លូវនេះ ឲ្យទទួលបានជោគជ័យ ព្រោះសមិទ្ធផលទាំងនេះ គឺជាសរសៃឈាមរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្ត នៅតាមរមណីយដ្ឋាន និងខ្សែក្រវ៉ាត់ព្រំដែនផងដែរ។
លោករស់ គីមធនប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរីបានឲ្យដឹង ការស្ថាបនាស្ពានបេតុងអូរផ្លាយនេះ មានប្រវែង៤៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយស្ពាននេះ សាង់សង់រួចរាល់នៅចុងឆ្នាំ២០២១នេះ ម្យ៉ាងទៀត ផ្លូវចាក់កៅស៊ូ ១ខ្សែនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គ.ម១៣៥+១០០ ផ្លូវខេត្តលេខ ៣៧៦៤ មានប្រវែងសរុប ៥១គីឡូម៉ែត្រ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា ហើយផ្លូវនេះ ស្ថាបនារួចរាល់បានប្រវែង៣៣+៥០០ ក្នុងឆ្នាំ២០២០ បានបន្តចាក់ផ្លូវកៅស៊ូបន្ថែមប្រវែង ៧០០ម៉ែត្រ ហើយផ្លូវ ១ខ្សែនេះ នៅសល់ ១៥គីឡូម៉ែត្រ ដែលមិនទាន់ស្ថាបនា។
លោកបានបញ្ជាក់ថា ផ្លូវដែលនៅសេសសល់នេះ លោកនឹងខិតខំលើកគម្រោងផែនការនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការដំណើរស្ថាបនាផ្លូវ ១ខ្សែនេះ ឲ្យបានរួចរាល់នាពេលខាងមុន រហូតដល់ព្រំដែន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជា ការផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាង ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ៕