ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលកំនើននៃការរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនលើតំបន់នេះ ផ្លូវជាតិលេខ១បាននិងកំពុងរីកចម្រើន ដោយមានផ្សារទំនើបបែបសហគមន៍ដាក់ដំណើរការ និងត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ។
បច្ចុប្បន្នThe Park Community Mall, បឹងស្នោរ Food Palaceបាននិងកំពុងបើកដំណើរការបណ្តើរ ខណៈផ្សារទំនើបលំដាប់អន្តរជាតិធំមួយPeng Huort Diamond Mallបាននិងកំពុងសាងសង់យ៉ាងសកម្ម នៅលើផ្លូវជាតិនេះផងដែរ។ លើសពីនេះ ស្រុកកៀនស្វាយក៏ត្រៀមបង្ហាញនូវផ្សារទំនើប KIen Svay Plaza ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនKFA ក៏កំពុងសាងសង់ផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaដែលបានចេញផ្សាយកាលពីចុងឆ្នាំមុនបានបង្ហាញថា ទំហំផ្សារទំនើបនៅកម្ពុជា នឹងកើនដល់៨០ម៉ឺនម៉ែត្រការ៉េ ដែលធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជាកើនឡើងខ្ពស់ លើសការរំពឹងទុក។ ជាមួយគ្នានេះ តម្លៃជួលនៅតាមផ្សារទំនើបធំៗបានធ្លាក់ចុះ ប៉ុន្តែការជួលនៅតាមផ្សារបែបសហគមន៍បានកើនតម្លៃទៅវិញ។
លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ និងជាអតីតនាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានព្រមានកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ផ្សារទំនើបកំពុងកើនឡើងខ្ពស់ ដែលប្រឈមមុខនឹងការលើសតម្រូវការ ខណៈទីផ្សារនេះកំពុងមានភាពប្រកួតប្រជែងកាន់តែខ្ពស់។
លោកស្រីបន្តថា “ការវិនិយោគលើផ្សារទំនើប ផ្សារបែបសហគមន៍ទទួលបានផលចំណេញខ្ពស់ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ធ្វើការកែលំអរ៥ឆ្នាំម្តង ដើម្បីឲ្យផ្សាររបស់ខ្លួនវិវត្តន៍តាមការរីកចម្រើនរបស់សង្គម”។ លោកស្រីបន្តថា “កំនើននៃផ្សារទំនើប និងផ្សារសហគមន៍ នឹងធ្វើឲ្យគំរោងផ្សារ ដែលត្រៀមបើកដំណើរការឆ្នាំនេះ អាចពន្យាពេលបើកដំណើរការ”។
លោកស្រីអាន សុធីតាបានបន្តថា ផ្សារទំនើ់បនានាក៏ប្រឈមមុខនឹងបញ្ហាប្រកួតប្រជែងពីការលក់ទំនិញតាមអនឡាញ ដែលកំពុងមានប្រជាប្រិយភាព និងកើនឡើងនៅកម្ពុជាផងដែរនាពេលបច្ចុប្បន្ននេះ៕