ដោយ វុត្ថា
ភ្នំពេញ៖ គំរោងវិនិយោគដ៏ធំ ដែលមានទុនវិនិយោគរហូតដល់ជាង ១៣០០លានដុល្លារអាមេរិក ដើម្បី សាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ត្រូវបានអនុម័តជាចុងក្រោយ ដោយព្រឹទ្ឋសភាកម្ពុជា ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុនចំនួនពីរ ចាប់ផ្តើមសកម្មភាពរបស់ខ្លួន ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់។
នៅក្នុងសម័យប្រជុំរលើកទី១ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សមាជិកព្រឹទ្ឋសភាបានអនុម័តលើគំរោងវិនិយោគដ៏ធំនេះ ដោយសម្លេង ៥៥នៃចំនួន សមាជិកព្រឹទ្ទសភាទាំងមូល។
ក្រុមហ៊ុនចំនួន២ ដែលព្រឹទ្ធសភាអនុម័តនៅពេលនេះ មានចំនួនពីរ ទី១ ក្រុមហ៊ុនស្នេថេក ខូអិលធីឌីដែលគ្រោងវិនិយោគលើរោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តកំពុងស្ពឺស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាពដំឡើង៦០មេហ្គាវ៉ាត់ ដែលអាចផ្តល់បរិមាណចំនួន៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ គ្រោងនឹងបោះទុនវិនិយោគចំនួនជាង៥៨លានដុល្លារអាមរិក ដោយក្នុងនោះទុនផ្ទាល់៣០ភាគរយ និងកម្ចី៧០ភាគរយ ក្នុងអត្រាការប្រាក់ចំនួន៦.៥០ភាគរយ ក្នុងរយៈពេលហិរញ្ញប្បទាន២១ឆ្នាំ ក្នុងការសាងសង់១ឆ្នាំ និងអាជីវកម្ម២០ឆ្នាំ និងគ្រោងដាក់អោយដំណើរការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។
ទី២ ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង៧០០មេហ្កាវ៉ាត់ និងបរិមាណថាមពលបញ្ចេញ ឲ្យបណ្តាញជាតិ៥២១២.២០ លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។
ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគ ទឹកប្រាក់ចំនួន១២៩០,៥៤លានដុល្លារអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ តាមអត្រាការប្រាក់៦.៥០ភាគរយ។ រយៈពេលសម្បទាន៣៩ឆ្នាំ ក្នុងនោះសាងសង់៤ឆ្នាំ និងអាជីវកម្ម៣៥ឆ្នាំ និងគ្រោងដាក់ឲ្យដំណើរការមាស៊ីនទី១ នៅខែធ្នូឆ្នាំ ២០២៣ និងម៉ាស៊ីនទី ២ នៅខែធ្នូ ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងការពារច្បាប់ទាំងពីរនេះថា កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពល ដែលខ្លួនមានឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមក រួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ។
លោកបន្តថា “រដ្ឋាភិបាលកម្ពុជា បានគិតគូពីផលប៉ះពាល់បរិស្ថាន ដោយធ្វើយ៉ាងណាអោយស្របតាមស្តង់ដារកម្ពុជា និងពិភពលោកដោយមិនឲ្យយមានការបំពុលបរិយាកាស ចំពោះការសាងសង់នៅរោងចក្រអគ្គិសនីទាំងពីរនេះនោះទេ”៕