ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលកម្ពុជា ត្រូវបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ក្នុងការនាំយកកសិផលស្រស់ និងកែច្នៃមួយចំនួនចូលក្នុងទីផ្សាររបស់ខ្លួន អ្នកជំនាញផ្នែកសេដ្ឋកិច្ច ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានការបង្កើតប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងបែបឌីជីថលក្នុងទីផ្សារកសិ-ឧស្សាហកម្ម ដើម្បីជំរុញការនាំចេញ និងពង្រឹងផលិតភាពតម្រូវតាមការចង់បានរបស់ទីផ្សារ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្នុងនាមតំណាងសភាពាណិជ្ជកម្មកម្ពុជាសូមបង្ហាញនូវក្ដីសាទរ ចំពោះសមិទ្ធផលថ្មី នៃការទទួលបានកិច្ចអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាចំនួន៥ នាំផលិតផលកសិផល ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារគោលដៅដ៏ធំរបស់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
លោកឧកញ៉ាបានបញ្ជាក់ថា “កាលដែលយើងទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម រួមនឹងក្រសួងពាក់ព័ន្ធផងដែរ” ។ លោកបន្តថា “ការទទួលបានការនាំចេញ ដោយស្របច្បាប់ពេញសិទ្ធិនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនចំពោះកម្ពុជា ក៏ដូចជាប្រជាកសិករផងដែរ” ។
លោកបន្តថា ប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះ គឺការពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការផលិតឱ្យមានគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានដែលទីផ្សារចង់បាន បើយើងខ្វះសមត្ថភាព ឬគុណភាពរបស់កសិផលស្ថិត ក្នុងកម្រិតទាបវានៅតែជាបញ្ហាដល់ការនាំចេញដដែល” ។
លោកឧកញ៉ាលឹម ហេងបានបន្តថា មានការលើកឡើងពីការចង់ឱ្យមានការបង្កើតប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងបែបឌីជីថលទៅលើទីផ្សារកសិ-ឧស្សាហកម្ម ដើម្បីជាមធ្យបាយកាន់តែងាយស្រួល ក្នុងការផ្សព្វផ្សាយដំណឹង ឬបញ្ជូនជាព័ត៌មាន ផ្តល់ចំណេះដឹងដល់គ្រប់មជ្ឈដ្ឋានដែលជាអ្នកផលិត ជាពិសេសប្រជាកសិករ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យពួកគាត់អាចមានចំណេះ ដឹងក្នុងការផលិត ដឹងពីតម្រូវការទីផ្សារ និងការត្រៀមខ្លួនក្នុងការផលិត ឱ្យត្រូវតាមការចង់បានរបស់ទីផ្សារក្រៅស្រុក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសថា ប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងទីផ្សារកសិ-ឧស្សាហកម្មបែបឌីជីថល ពិតជាមានសារសំខាន់បំផុត ហើយនឹងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ប្រសិនបើអាចបង្កើតបាន។
លោកបន្តថា “ទោះបីជាយើងមានទីផ្សារក្រៅស្រុក ធំទូលាយដែលរង់ចាំទទួលទិញ ប៉ុន្តែបើរបស់យើងគ្មានគុណភាព គ្មានសុវត្ថិភាព តាមការចង់បានរបស់ទីផ្សារក៏គេមិនទទួលយកដែរ។ ដូច្នេះយើងអាចនាំផលិតផលរបស់យើង ចូលទីផ្សារគេបានទាល់តែរបស់យើងមានគុណភាពល្អ” ។
លោកបន្តថា “ខ្ញុំលើកឧទារហណ៍ពីផ្លែស្វាយកែវល្មៀត ទីផ្សារនៅប្រទេសចិនក៏មាន ទីផ្សារនៅប្រទេសកូរ៉េក៏មាន ប៉ុន្តែហេតុអ្វីបានជាការនាំចេញមានឧបសគ្គ នោះគឺព្រោះតែរបស់យើងគ្មានគុណភាព សុវត្ថិភាពតាមការចង់បានរបស់ពួកគេ ហើយលទ្ធផលនៃការនាំចេញមានចំនួនតិច ខណៈដែលផ្លែស្វាយកែវល្មៀត នៅក្នុងស្រុកចាក់គរគ្មានទីផ្សារ។
ចំណុចនេះ អាចពាក់ព័ន្ធទៅនឹងចំណេះដឹងពីការដាំដុះ ការថែទាំង ការដឹងពីតម្រូវការទីផ្សារ ជាពិសេសដឹងពីរបៀបស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក” ។
លោកបានលើកឡើងថា “ប្រសិនបើមានប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល ដែលអាចបញ្ជូនសារ ទៅដល់បណ្តាប្រជាកសិករដែលជាអ្នកផលិត ក៏ដូចជា អ្នកជំនួញក្នុងវិស័យពាក់ព័ន្ធបានទូលាយនោះភាពល្អប្រសើរ អាចនឹងកើតមានជាងនេះជាក់ជាមិនខាន” ៕