ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាព ដែលលបណ្តាប្រទេសនានាទូទាំងពិភពលោកកំពុងប្រឈមជាមួយជំងឺឆ្លង Covid-19 និងស្វែងរកដំណោះស្រាយនៅពេលបច្ចុប្បន្ននេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានបង្ហាញទស្សនទានចំនួន៥ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចឡើងវិញក្រោយពេល Covid-19 បញ្ចប់។
លោកឧកញ៉ា គីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច ឲ្យមានភាពប្រសើរឡើងវិញ ក្រោយពេលពិភពលោករកឃើញវ៉ាក់សាំង និងថ្នាំព្យាបាល កម្ពុជាគួរអនុវត្តន៍នូវនយោបាយមួយចំនួន ដូចជា ទី១ បើកចំហរជើងមេឃ ដោយឈប់យកថ្លៃវីសារ ពីអ្នកទេសចរ មកពីអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ ចិន និងប្រទេសអ្នកមានជាច្រើនទៀត។
ទី២ រក្សា និងរិតចំណងមិត្តភាពអោយកាន់តែល្អជាមួយចិន កូរ៉េ និងជប៉ុន ព្រមទាំងបើកចំហរអោយបានទូលំទូលាយជាងនេះ ជាមួយអាមេរិក អឺរ៉ុប អារ៉ាប់ និងប្រទេសអ្នកមានទាំងអស់ក្នុងពិភពលោក។ ទី៣ អនុញ្ញាតអោយបើកកាស៊ីណូ និងកាស៊ីណូ Online ឡើងវិញ ជាមួយលក្ខខណ្ឌតឹងរឹងបំផុត ចំនួនទីតាំងមានកំណត់ ពិសេសត្រូវយកពន្ធអោយច្រើនបំផុត អាចដល់៣០ភាគរយនៃប្រាក់ចំណេញ។
ទី៤ ពង្រឹង និងពង្រីកចង្វាក់ផលិតកម្ម ក្នុងស្រុកអោយបានច្រើន និងខ្លាំង ដោយត្រូវផលិតអ្វីៗទាំងអស់ដោយខ្លួនឯង ហើយអនុញ្ញាតអោយនាំចូលតែអ្វី ដែលយើងផលិតមិនបាន ឬផលិតមិនទាន់តម្រូវការ។ ទី៥ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រប់តំបន់នៅទូទាំងប្រទេសត្រូវបំពេញការងារបំរើរាស្ត្រ តាម Job Description របស់ខ្លួនអោយបានល្អ ស្របតាមការចាត់ចែងរបស់រាជរដ្ឋាភិបាល៕