ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រៀមថវិកាសម្រាប់កម្ពុជា ដែលរួមមានកម្ចីសម្បទានចំនួន១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣២,៤លានដុល្លារ ក្នុងឆ្នាំ២០២១-២០២៣ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមកសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង២,១ពាន់លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន៤៧៧ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន២៨១,៣លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។
គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADBបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ៣៤៨៥លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ២៩៨៣លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥០២លានដុល្លារ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕