ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុគម្រោងវិនិយោគចំនួនពីរ ដែលបោះទុនវិនិយោគប្រមាណ៥.៦លានដុល្លារ និងបង្កើតការងារជិត១.៤០០កន្លែងដល់ប្រជាពលរដ្ឋក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD.។
ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD.។
ក្រុមហ៊ុនមានគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងមានទុនវិនិយោគប្រមាណ១,៧លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕