សម្តេចតេជោ ហ៊ុន សែន៖ នយោបាយពង្រាយរោងចក្រទៅកាន់បណ្តាខេត្តកំពុងទទួលបានជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រា​យរោងចក្រទៅកាន់បណ្តាខេត្ត កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាល់នៅ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៧ មិថុនានេះថា ឥឡូវនេះខេត្តកំពង់ឆ្នាំង មានកម្មករ រហូតដល់ជាង៤ម៉ឺននាក់ ខេត្តស្វាយរៀង​​​ជា​ង៥​​​ម៉ឺន​​នាក់ និងខេត្តព្រះសីហនុជាង៤ម៉ឺននាក់ រួមទាំងបណ្តាខេត្តនានាមួយចំនួនទៀត ហើយ​ប្រសិន​បើមិនមាន​​​រោងចក្រ​​​នៅ​​ទី​​នេះ​​ទេ ពេលនេះកម្មករទាំងអស់ ​កំពុង​ស្ថិត​នៅជា​មួយឪពុក ម្តាយ ព្រោះជា​​ពេល​​​វេលា​​នៃរដូវដកស្ទូង ហើយក៏​មិនមាន​​ប្រាក់​​ចំណូល​​១៧០ដុល្លារបូកនឹងប្រាក់អត្ថប្រយោជន៍នោះទេ។

សម្តេចបន្តថា “គោល​នយោបាយ​នៃការពង្រាយរោងចក្រ ទៅកាន់​​​បណ្តា​​ខេត្តបានជោគជ័យជាបណ្តើរៗហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀន ​ទៅកា​ន់​ជន​បទ ដែលមានទាំង​​​មត្តេយ្យ​​​សិក្សា ​រហូតដល់ថ្នាក់ឧត្តមសិក្សា”។សម្តេចបន្តថា “ការបង្កើតនូវ គោលនយោបាយនេះ មិនមែនមានន័យថា ជាការជំរុញឲ្យកម្មករត្រលប់មកស្រុកវិញ ហើយរត់ចោលរោងចក្រនៅភ្នំពេញទេ”។

មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន​​១៥២ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដែរសម្លៀកបំពាក់ និងផលិត​ស្បែក​ជើងមាន១៨ មាន​កម្មករ និយោជិតជាង៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៩៤លានដុល្លារក្នុង១ឆ្នាំ។​

រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីខែតុលា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើប្រាស់ដោយសម្តេចតេ ជោហ៊ុន សែន។

គោលនយោបាយនេះ មានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំ​ណាក់កាលថ្មីមួយទៀត តាមរយៈផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម មកប្រើប្រាស់កំលាំ​ងពលកម្មជំនាញ ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here