រដ្ឋាភិបាលពង្រីកមណ្ឌលចាក់វ៉ាក់សាំងដូសទី២កាន់តែច្រើនដល់កម្មករ និយោជិត

0

          ដោយៈវិបុលភាព

          ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់)ដូសទី២ ជូនដល់កម្មករនិយោជិត និង​ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈសរុបចំនួន២០ទីតាំង គិតត្រឹមថ្ងៃម្សិលម៉ិញនេះ។

អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរម្លឹកដល់កម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារទាំងអស់ថា ចំពោះអ្នករស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។

ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។

ប្រភពខាងលើបន្តថា ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃ ដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថាការចាក់វ៉ាក់សាំង ត្រូវតែចាក់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន២លើក រួមផ្សំនឹងការអនុវត្ត ៣កុំ និង ៣ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩បាន។

ដោយឡែក សម្រាប់កម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ គឺអាចទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទដែលរៀបចំដោយក្រសួងការងារ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅដោយមិនអាចឆ្លងខណ្ឌបាននោះទេ។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២ សរុបចំនួន៤៥ ៥៣១នាក់ (បរទេសចំនួន ១ ៥៨៨នាក់)។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញបទបញ្ជាជូនកងទ័ព ដើម្បីធ្វើយ៉ាងណាចូលរួមរៀបចំទីតាំង និងសម្ភារៈផ្សេងៗ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឲ្យបានទាំងអស់គ្នា និងលឿនបំផុត ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ ពិសេសក្នុងខ័ណ្ឌចំនួន៤ ដែលស្ថិតក្នុងតំបន់ក្រហម៕

LEAVE A REPLY

Please enter your comment!
Please enter your name here