អាមេរិកកំពុងពិភាក្សាបញ្ហាកម្មសិទ្ធិបញ្ញាលើការផលិតវ៉ាក់សាំងកូវីដ១៩ដើម្បីអនុញ្ញាត ឱ្យប្រទេសក្រីក្រ

0

ដោយៈ ម៉ាណេត

អាមេរិកៈ មន្រ្តីសេតវិមានពីររូបបាននិយាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ថា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោក លើវិធីនានា ដើម្បីជំនះលើបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងរាំងខ្ទប់ការទទួលបានវ៉ាក់សាំងកូវីដ១៩ ពីការចែកចាយឱ្យបានទូលំទូលាយ នៅទូទាំងពិភពលោក។

សេតវិមានបានរងសម្ពាធពីសមាជិកសភាទាំងរបស់ខ្លួន និងរដ្ឋាភិបាលប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកលែងច្បាប់ប៉ាតង់សម្រាប់វ៉ាក់សាំ​ងកូវីដ១៩ ដូច្នេះបណ្តាប្រទេសក្រីក្រ អាចចាប់ផ្តើមផលិតវ៉ាក់សាំងផ្ទាល់ខ្លួន ដើម្បីចាក់ជូនប្រជាជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ថា ផ្តោតតែលើការចាក់វ៉ាក់សាំងជូនរបស់ពលរ ដ្ឋអាមេរិក ជាពិសេសនៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចាប់ផ្តើមមានច្រើនជាងតម្រូវការ និងកម្រិតដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

លោក Ron Klain ប្រធានផ្នែកបុគ្គលិកនៃសេតវិមាន បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Katherine Tai នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មអំពីវិធី ដែលយើងអាចឱ្យវ៉ាក់សាំងនេះ ចែកចាយបានកាន់តែទូលំទូលាយ ផ្តល់សិទ្ធិ និងចែកចាយកាន់តែទូលំទូលាយ។

លោក Klain និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មានប្រសាសន៍ថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងមានកិច្ចពិភាក្សាបន្ថែមទៀតលើបញ្ហានេះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Sullivan បាននិយាយថា រដ្ឋបាលសហរដ្ឋបាលសហរដ្ឋអាមេរិក ជឿជាក់ថា ក្រុមហ៊ុនឱសថ “គួរតែផ្គត់ផ្គង់ដល់ខ្នាត និងចែកចាយដល់ពិភពលោកទាំងមូល ដើម្បីកុំអោយមានឧបសគ្គចំពោះមនុស្សគ្រប់គ្នា ដែលទទួលបានការចាក់វ៉ាក់សាំង”។

លោក Klain បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជូនប្រទេសឥណ្ឌានូវវត្ថុធាតុដើមគ្រប់គ្រាន់ដែលខ្លួនត្រូវការ ដើម្បីបង្កើតវ៉ាក់សាំងចំនួន២០លានដូសភ្លាមៗ។ ប្រទេ​សឥណ្ឌា កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងថ្មីនៃការឆ្លង និងការស្លាប់ ដោយសារជំងឺកូវីដ១៩។

សមាជិកព្រឹទ្ធសភា Bernie Sanders ដែលស្ថិតក្នុងចំណោមក្រុមសមាជិកព្រឹទ្ធ​សភាប្រជាធិបតេយ្យ ដែលកំពុងដាក់សម្ពាធសេតវិមានលើបញ្ហានេះ បាននិយាយថា “នៅពេលដែលជីវិតរាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ក្រុមហ៊ុនថ្នាំត្រូវតែប្រាប់ឬអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះពួកគេអាចផលិតវ៉ាក់សាំង ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសក្រីក្រ”។

លោក Sanders បានមានប្រសាសន៍ថា “វាពិតមិនសមស្រប ដែលប្រទេសអ្នកមាន អាចទទួលបានវ៉ាក់សាំងច្រើន ហើយប្រជាជនរាប់លាន និងរាប់ពាន់លាននាក់នៅក្នុងប្រទេសក្រីក្រ មិនអាចមានលទ្ធភាពទិញវាបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here