ដោយៈគង់ សូរិយា
ភ្នំពេញៈ មានអ្នកវិនិយោគដីធ្លីជាច្រើនបាននិយាយថា តម្លៃដីធ្លីនៅកម្ពុជាភាគច្រើន មិនងាយធ្លាក់តម្លៃទេ លើកលែងតែករណីម្ចាស់ដីឬអចលនទ្រព្យនានាជាប់បំណុលឬគាំងលំហូរសាច់ប្រាក់ជាដើម។
តើអ្វីជាមូលហេតុនៅពីក្រោយ ដែលដីមិនធ្លាក់ថ្លៃ លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ដែលបានវិភាគនិងតាមដានការវិវត្ត ក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបានមនប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី៦ ឧសភាកន្លងមកថា មានហេតុផលឬកត្តាសំខាន់់ៗចំនួន៥ ដែលធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យនៅមកម្ពុជាមិនធ្លាក់ថ្លៃដូចជា
កត្តានគរួបនីយកម្ម
ប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់ ពីនិន្នាការអភិវឌ្ឈន៍របស់រដ្ឋាភិបាល លើការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការកសាងគោលនយោបាយថ្មីៗជាប់ជាប្រចាំ ដើម្បីឲ្យកម្ពុជាដើរទាន់សម័យកាល ពិសេសការពង្រីកក្រុងកើនឡើងជាបន្តបន្ទាប់ ដោយសារកំនើនប្រជាសាស្ត្រ និងការរីកចម្រើនសេដ្ឋកិច្ចសង្គម ពិសេសការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋប្រចាំឆ្នាំ។
ការរីកចម្រើននគរូបនីយកម្ម ដែលផ្សារភ្ជាប់មិនអាចកាត់ផ្តាច់បាន រវាងសេដ្ឋកិច្ច សង្គម និងកត្តាប្រជាសាស្ត្រនេះហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមើលឃើញថា ទីផ្សារអចលនទ្រព្យនៅមានការរីកចម្រើនរយៈពេលវែងបន្តទៀត។
ការវិនិយោគជាមួយមូលធនខ្លួនឯង
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ បានធ្វើឲ្យមានបដិវត្តន៍ផ្នត់គំនិតក្នុងវិស័យអចលនទ្រព្យ ដោយប្រជាពលរដ្ឋវិនិយោគមានភាពឆ្លាតវៃជាងមុន ពិចារណា វិភាគច្រើនជាងមុន ពិសេសពួកគាត់ភាគច្រើនបានប្រើប្រាស់មូលធនហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់យកមកធ្វើការវិនិយោគ។
ដោយសារភាពសុទិដ្ឋិនិយម និងមើលឃើញកាលានុវត្តន៍ភាពនៅតែមាន សម្រាប់ពួកគាត់ ទើបម្ចាស់អចលនទ្រព្យនានាទាំងដីធ្លី ផ្ទះសម្បែង ម្ចាស់អាគារពាណិជ្ជកម្មឬលំនៅដ្ឋានសហកម្មសិទ្ធ មិនងាយបញ្ចុះតម្លៃ (លើកលែងតែគំរោងខ្លះ ដែលបញ្ចុះតម្លៃដើមយកទុនមកសាងសង់) ដោយសុខចិត្តទុកអចលនទ្រព្យរបស់ខ្លួន ដើម្បីយកតម្លៃល្អ ឬទទួលបានផលចំណេញខ្ពស់ ទើបពួកគេសម្រេចចិត្តលក់ចេញ។
ការព្យាករណ៍ពីកំនើនសេដ្ឋកិច្ច
ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដោយសារកំលាំងចលករសំខាន់ៗ ដូចជា វិស័យវាយណភ័ណ្ឌ កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ វិស័យកសិកម្ម វិស័យទេសចរណ៍ ពិសេសវិស័យសំណង់ និងអចលនទ្រព្យបាន និងកំពុងក្លាយជាកំលាំងចលករជំរុញកំនើនសេដ្ឋកិច្ច បានធ្វើឲ្យសេដ្ឋវិទូស្ថាប័នធំៗជាច្រើនដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ តែងតែព្យាករណ៍ពីកំនើនសេដ្ឋកិច្ចរបស់កម្ពុជាជាប់ជាប្រចាំ លើកលែងតែឆ្នាំ២០២០ និងក្រោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ ។
ការផ្សព្វផ្សាយពីព៌តមានពីកំនើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសពីសំណាក់ ស្ថាប័នព៌តមានដ៏សម្បូរបែបនៅកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគកាន់តែទទូលបានព៌តមាន សម្រាប់វិភាគពិចារណាកាន់តែច្រើន ហេតុនេះទើបពួកគេមិនងាយសម្រេចចិត្តលក់អចលនទ្រព្យរបស់ពួកគេ ក្នុងកំឡុងពេលមានវិបត្តិ។
ទម្លាប់សង្គម
ដោយសារប្រព័ន្ឋនៃការគិតបានបន្តដូចខ្សែទឹកហូរ វាបានក្លាយជាទម្លាប់ ដែលពិបាកក្នុងការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងទំនិញលើទីផ្សារភាគច្រើន នៅពេលឡើងថ្លៃហើយ ពួកគាត់មិនងាយបញ្ចុះតម្លៃមកវិញនោះទេ។ ចំណែកអ្នកទិញដីធ្លី ឬអ្នកវិនិយោគក៏ដូចជា ពួកគាត់នៅតែមានទម្លាប់មិនងាយលក់ចេញ ទោះបីជាទីផ្សារមានវិបត្តិក៏ដោយ បើទោះបីជាលំហូរសាច់ប្រាក់របស់គាត់គ្មានវិបត្តិទេ តម្លៃអចលនទ្រព្យរបស់ពួកគេ នឹងមិនបញ្ចុះនោះទេ ដោយសារពួកគេមានហិរញ្ញវត្ថុរ៉ឹងមាំ និងគិតបែបលេងសើចថា ទោះបីទុនយូរទៀតក៏មិនស្អុយដែរ។
ផ្នត់គំនិតមួយទៀត គឺអ្នកវិនិយោគភាគច្រើននៅតែមានសុទិដ្ឋិនិយម និងតែងតែប្រកាន់យកទស្សន “ដីមិនកើនឡើងទេ តែមនុស្សកើនឡើងរាល់ថ្ងៃ” ៕