ដោយៈ ប៊ី
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានបញ្ជាក់ថា ក្រុមហ៊ុន Kris Energy ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អណ្តូងប្រេង ប្លុកA នឹងនាំប្រេងចេញយកទៅលក់លើទីផ្សារអន្តរជាតិនៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសំណុំបែបបទ ដើម្បីសុំគោលការណ៍នៃការនាំចេញ ។
លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់អ្នកព័ត៌មាន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះថា ការបូមយកប្រេងរបស់ក្រុមហ៊ុន( KrisEnergy) បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការផលិតកម្មបូមប្រេងនៅលើអណ្តូងទាំង៥ កន្លែង ជាធម្មតា ក្នុងនោះសម្រាប់ផលិតកម្មប្រចាំថ្ងៃ ក្រុមហ៊ុនអនុវត្តនៃការបូមប្រេងក្នុងរង្វង់ ក្រោម២ពាន់ ឬ២ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ។
លោកបានបន្តឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ( KrisEnergy) បានកំពុងរៀបចំសំណុំបែបបទ ដើម្បីសុំគោលការណ៍សម្រាប់នាំចេញប្រេងយកទៅលក់នៅលើទីផ្សារអន្តរជាតិ ក្នុងនោះក្រុមហ៊ុនកំពុងធ្វើការជាមួយអ្នកបញ្ជាទិញផងដែរ ដោយឯកឧត្តមរំពឹងថា ការនាំចេញប្រេងទៅលក់ទីផ្សារអន្តរជាតិ នឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខ ខណៈក្នុងរយៈពេលជាង៤ខែ កន្លងមកនេះ ក្រុមហ៊ុនទទួលបានប្រេងឆៅរាប់សែនប៉ារ៉ែល ដែលជាទំហំមួយសមស្របនឹងការនាំចេញផងដែរ ។
ទាក់ទងនឹងផែនការផលិតប្រេងទាបជាងការរំពឹងទុក របស់ក្រុមហ៊ុន ( KrisEnergy) លោកជៀប សួរបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការពិចារណា ខណៈដែលក្រុមហ៊ុនកំពុងជួបបញ្ហាថវិការដើមទុន ជាមួយក្រុមហ៊ុនធំដែលជាដៃគូរ រួមជាមួយម្ចាស់បំណុលផ្សេងៗទៀតផងដែរ។ បច្ចុប្បន្នកម្ពុជាក៏កំពុងរង់ចាំ អំពីការសម្រេចចិត្តរបស់ក្រុមហ៊ុនមេ នៃការអភិវឌ្ឍន៍គម្រោងមួយនេះ។
លោកបានបន្តថា ចំពោះកាតព្វកិច្ចក្នុងការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលនឹងសង្កេតមើលតាមលក្ខខណ្ឌផ្សេងៗ នៅក្នុងកិច្ចព្រមព្រៀងដែលក្រុមហ៊ុនត្រូវបំពេញ ប្រសិនបើក្រុមហ៊ុនមិនបំពេញតាមប្រការណាមួយ កម្ពុជានឹងអនុត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនតែម្តង៕