តើអ្នកឧកញ៉ាពុង ឃាវសែធ្លាប់លើកឡើងបែបណាពីការវិនិយោគផ្សារទំនើប

0

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគផ្សារទំនើបទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ប៉ុន្តែទីផ្សារនេះកាន់តែមានការប្រកួតប្រជែង ដែលទាមទារឲ្យអ្នកវិនិយោគត្រូវរៀបចំផែនការ និងកែលំអរឡើងវិញជាប្រចាំ។

អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជានិងជាអ្នកអភិវឌ្ឍន៍ផ្សារទំនើបជាច្រើននៅកម្ពុជាធ្លាប់បានឱ្យដឹងថា កាលពីមុនផ្សារប្រពៃណីក្នុងរាជធានីភ្នំពេញ ដូចជាអូរឬស្សី ផ្សារអូរឡាំពិក ផ្សារទួលទំពូងជាដើម គឺជាផ្សារដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា តែដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើន មនុស្សត្រូវការភាពសុខស្រួល និងផាសុកភាពក្នុងការដើរទិញទំនិញ ទើបវិនិយោគជាច្រើនបានបោះទុនវិនិយោគលើផ្សារទំនើប ។

អ្នកឧកញ៉ាបន្តថា “ការអភិវឌ្ឍផ្សារទំនើបជាបន្តបន្ទាប់នេះ បានធ្វើឱ្យផ្សារប្រពៃណីក្នុងរាជធានីភ្នំពេញធ្លាក់ប្រិយភាព និងបាត់បង់អតិថិជនបន្តិចៗ ដោយអតិថិជនជាច្រើនងាកទៅរកផ្សារទំនើបៗវិញ”។ អ្នកឧកញ៉ាបានបន្តថា “ការអភិវឌ្ឍផ្សារទំនើបនេះដែរវាត្រូវការដើមទុនច្រើន និងរកផលចំនេញបានមកវិញក្នុងរយៈពេលយូរផងដែរ”។

ជាមួយគ្នានេះ លោកស្រីជា សុខហៀក នាយកប្រតិបត្តិនៃផ្សារទំនើប Sorya Center Point បានឱ្យដឹងផងដែរថា ការវិនិយោគលើផ្សារទំនើបសូមវិនិយោគិន កុំរំពឹងបានប្រាក់ចំណេញមកវិញភ្លាម ព្រោះវាគឺការវិនិយោគ ដែលត្រូវការយកប្រាក់ចំណេញមកវិញនៅរយៈពេលយូរ ។

លោកស្រីបន្តថា ការវិនិយោគលើផ្សារទំនើប ជាក់ស្ដែងផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេបង្អស់ គឺបានចំណាយទឹកប្រាក់យ៉ាងច្រើន ហើយបើវាក៏នឹងមិនទទួលបានប្រាក់ចំណេញមកវិញភ្លាមៗដែរ។ បើសិនជាយើងទឹកប្រាក់ទាំងនោះ ទៅវិនិយោគអ្វីផ្សេង ប្រហែលជាទទួលបានប្រាក់យ៉ាងច្រើនបាត់ទៅហើយ តែដោយសារតែស្ថាបនិកផ្សារទំនើប បានមើលឃើញពីចក្ខុវិស័យវែងឆ្ងាយ និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទើបសាងសង់និងវិនិយោគផ្សារទំនើបនេះឡើង។

លោកស្រីបន្ថែមថា ដោយសារតែការប្រកួតប្រជែង នៅក្នុងទីផ្សារមួយនេះ ផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេនោះ លែងជាផ្សារទំនើបធំជាងគេ និងមានប្រជាប្រិយភាពជាងគេ ទើបសម្ព័ន្ធក្រុមហ៊ុនបានសម្រេច បោះទុនទឹកប្រាក់បន្ថែមទៀត កែលម្អផ្សារទំនើបមួយនេះ ទៅជាផ្សារទំនើបទេសចរណ៍ ដំបូងបង្អស់នៅកម្ពុជា ហើយភ្ញៀវដែលចូលមកទស្សនា នៅក្នុងផ្សារទំនើបនេះ គឺជាប្រភេទភ្ញៀវទេសចរទាំងក្នុងស្រុកនិងអន្តរជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here