ដោយដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគមកពីបណ្តាប្រទេស ក្នុងសហគមន៍អឺរ៉ុបកាន់តែច្រើន តាមរយៈការរៀបចំពិព៌ណពាណិជ្ជកម្មអឺរ៉ុបលើកតំបូងនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវតឹក រ៉េក កំរ៉ងបានមានប្រសាសន៍ ឲ្យដឹងក្នុងពិធីបើកពិព៌ណពាណិជ្ជកម្ម របស់សភាពាណិជ្ជកម្មអឺរ៉ុបលើកដំបូងនៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី២៩ មិថុនានេះថា កម្មវិធីនេះបានបង្ហាញពីភាពរីកចម្រើននៅកម្ពុជា ដែលធ្វើឲ្យមានក្រុមហ៊ុនមកពីអឺរ៉ុបដ៏ច្រើន បានមកចូលរួមតាំងបង្ហាញ ពិសេសបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនៅរក្សាបានកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ។
លោកជំទាវបន្តថា “ជាមួយនឹងការតាំងពិព័រណ៌របស់សភាពាណិជ្ជកម្មអឺរ៉ុប កម្ពុជានឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលពេលនេះមានក្រុមហ៊ុនប្រមាណ៤០បានចូលរួមតាំងបង្ហាញ”។
ពិព៌ណផលិតផលមកពីអឺរ៉ុប នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានក្រុមហ៊ុនប្រមាណជាង៤០មកពីអឺរ៉ុប នឹងនាំផលិតផល ដូចជា៖ គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាសុខាភិបាល គ្រឿងម៉ាស៊ីន ម្ហូបអាហារ និងផលិតផលជាច្រើនទៀតផ្សេងៗទៀត។
លោកArnaud DARCប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា គោលបំណងនៃពិព៌ណនេះ នឹងជំរុញពង្រីកនិងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងអឺរ៉ុបសម្រាប់បច្ចុប្បន្ន ក៏ដូជាសម្រាប់អនាគត។ លោកបន្តទៀតថា នេះជាឱកាសវិសេសវិសាល សម្រាប់ក្រុមហ៊ុនធុរកិច្ចនិងអ្នកប្រើប្រាស់ដែលអាចមកជួបគ្នា ស្វែងយល់ឲ្យបានកាន់តែច្រើនឡើងអំពី បណ្តាប្រទេសនៅអឺរ៉ុបដែលផលិត និងផ្តល់សេវាកម្មនានាជូនអ្នកប្រើប្រាស់ទាំងនៅកម្ពុជា ក៏ដូចជានៅបរទេស៕