ដោយៈ លក្ខិណា
ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមផ្តល់ជាសាច់ប្រាក់ឡើងវិញ ដល់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ក្រហម ដែលបាននិងកំពុងបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានការរីករាលដាលខ្ពស់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេច ដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំត្រគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពទាប និងជួបប្រឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ។
សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ភូមិសាស្ត្រ ដែលទទួលរងនូវវិធានការនៃការបិទខ្ទប់ក្នុងលក្ខណៈទ្រង់ទ្រាយធំ រួមបញ្ចូលនូវរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋកម្ពុ ជាដែលមានជីវភាពលំបាកទៅតាមទំហំគ្រួសារ ដែលត្រូវបានកំណត់អត្តសញ្ញាច្បាស់លាស់និងត្រឹមត្រូវ។
គ្រួសារប្រជាពលរដ្ឋគោលដៅ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ត្រូវបានកំណត់អត្តសញ្ញណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់ ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនីក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់ តាមរយៈធនាគារវីង ទៅតាមទំហំគ្រួសារ។
បើគ្រួសារមានសមាជិក១នាក់ នឹងទទួលបានថ្លៃស្បៀងអាហារ១០ម៉ឺនរៀល ថ្លៃទឹក១៨០០០រៀល និងថ្លៃភ្លើង៣៨០០០រៀល សរុប១៥៦០០០រៀល។ គ្រួសារ ដែលមានសមាជិក២ទៅ៣នាក់ នឹងទទួលបានថ្លៃស្បៀង១១៣៥០០រៀល ថ្លៃទឹក៤៤៨០០រៀល ថ្លៃភ្លើង៨៥០០០រៀល សរុប២៤៣០០០រៀល បើគ្រួសារមានសមាជិកចាប់ពី៤នាក់ឡើងទៅ នឹងទទួលបានថ្លៃស្បៀង១២៧០០០រៀល ថ្លៃទឹក៦២០០០រៀល ថ្លៃភ្លើង១២២០០០រៀល សរុប៣១១០០០រៀល៕