ការផ្តល់​ឥណទាន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៥ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី១ឆ្នាំនេះ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការផ្តល់​ឥណទាន​លើ​វិស័យ​អចលនទ្រព្យ សម្រេចបាន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៣៧ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៣ខែ​ដើម​ឆ្នាំនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) ។

របាយការណ៍​បានឱ្យដឹងថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​មាន​ចំនួន១០,៣៩ពាន់​លាន​ដុល្លារ។ កម្ចី​អចលនទ្រព្យ​មាន​លើសពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប ស្មើនឹង៥១,៧២%ឬ​គិត​ជា​ទឹកប្រាក់​ប្រមាណ៥,៣៧ពាន់​លាន​ដុល្លារ។

លោក​អឿ សុធា​រ័ត្ន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី​មានប្រសាសន៍ថា នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២១នេះ ដំណើរការ​ទីផ្សារ​ឥណទាន​បុគ្គល​នៅ​កម្ពុជា​នៅតែ​រក្សារ​បាន​ភាពរឹងមាំ ដោយសារតែ​ការស្នើរ​សុំ និង​ដំណើរការ​ឥណទាន​ប្រចាំត្រីមាស​នៅតែមាន​កំណើន​ជា​បន្តបន្ទាប់។

លោក​បាន​ថ្លែងបន្តថា “យ៉ាងណាមិញ​អនុ​បាទ​នៃ​គណនី​ប្រាក់កម្ចី ជាមួយនឹង​ការសង​យឺត៣០ថ្ងៃ ហួស​កាលបរិច្ឆេទ​កំណត់ បាន​កើន​ឡើងដល់២,២៤% ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​បន្តិច​នៃ​គុណភាព​ឥណទាន” ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ប្រាប់ថា ដើម្បីឱ្យ​អចល​លន​ទ្រព្យ​វិស័យនេះ នៅ​បន្ត​ភាពរឹងមាំ​កាន់​យូរ​តទៅទៀត យើង​គួរតែ​ជួយ​ជំរុញ​ការផ្តល់​ឥណទាន ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​នេះ តាមរយៈ​ធនាគារ ឬ​ធនាគារពាណិជ្ជ ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល ដើម្បី​ផ្តល់​កម្ចី​ទៅឱ្យ​អ្នក ដែល​ពាក់ព័ន្ធ មានលទ្ធភាព​យក​កម្ចី​នេះ​ប្រើប្រាស់​បន្តទៀត ដូច្នេះ​វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​កំណើន​របស់ខ្លួន និង​ទ្រទ្រង់​ទៅឱ្យ​ផ្នែកផ្សេងៗទៀត។

លោក​បាន​ថ្លែងបន្តថា “ប្រាក់កម្ចី​នៅតែ​បន្ត​កើតមាន ដូច្នេះ​ចរន្ត​ទិញ​លក់​អចលន​ត្រ​ព្យ​នៅតែមាន ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ក៏ដោយ” ។ លោក​បន្តថា “ទោះបី​នាបច្ចុប្បន្ន លំហូរ​វិនិយោគ​ពី​ប្រទេស​ត្រូវបាន​រាំងស្ទះ ដោយសារ​វិបត្តិ​កូ​វិដ១៩ ប៉ុន្តែ​វិនិយោគិន​ក្នុងស្រុក​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ការរីកចម្រើន” ។

លោក​បាន​ថ្លែង​បន្តទៀតថា ការជំរុញ​ការផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ នឹង​ជួយ​វិស័យ​មានការ​រីកលូតលាស់​បាន​ឆាប់រ​ហ័យ​ឡើងវិញ និង​ក៏​ដូច​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ត្រូវបាន​គ្រប់គ្រង ឬ​បញ្ចប់​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here