ដោយៈ ប៊ី
ភ្នំពេញៈ ផ្សារទំនើបរួចពន្ធ ដែលប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group (CDFG) នឹងក្លាយជាផ្សារទំនើបទីមួយនៅកាស៊ីណូ NagaWorld ភ្នំពេញ ដែលបើកដំណើរការឡើងវិញនៅថ្ងៃនេះ ខណៈទីក្រុងភ្នំពេញ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ដែលបណ្តាលមកពីវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ASGAM។
ក្រុមហ៊ុន Naga បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានទទួលដំណឹងពីក្រុមហ៊ុន CDFG អំពីគោលបំណងបើកផ្សារទំនើបនេះឡើងវិញ ដែលមានបរិវេណNagaCity Walk ក្រោមប្រព័ន្ធបែងចែកតបន់ចរាចរណ៍ថ្មីរបស់ទីក្រុង។
កាស៊ីណូ Naga មានទីតាំងស្ថិតនៅក្នុង “តំបន់លឿង” ដែលអាជីវកម្មទាំងអស់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ លើកលែងតែសាលារៀន ក្លឹបរាត្រី ក្លឹបកម្សាន្តឌីស្កូ ភោជនីយដ្ឋាន សួនកម្សាន្ត កន្លែងម៉ាស្សាហាងលក់ស្រា រោងភាពយន្ត សារមន្ទី រក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
បុគ្គលិកនិងអ្នកទស្សនាទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាព ពាក់របាំងមុខ និងរក្សាគម្លាតសង្គម។
ជាមួយគ្នានេះដែរ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើកាស៊ីណូ Naga នឹងចាប់ដំណើរការឡើងវិញនៅពេលណាឡើយ ដោយក្រុមហ៊ុនគ្រាន់តែបញ្ជាក់ថា “នៅកាលបរិច្ឆេទនៃការប្រកាសនេះ លើកលែងតែផ្សារទំនើប របស់ក្រុមហ៊ុនCDFG បើកដំណើរការវិញនៅផ្សារទំនើប NagaCity Walk នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ប៉ុន្តែអាជីវកម្មផ្សេងៗនៅបរិវេណ Naga មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ”៕