ហេតុអ្វីវេទិកាសេដ្ឋកិច្ចពិភពលោកជ្រើសយកប្រទេសកម្ពុជាជាដៃគូរបស់ខ្លួន មានមូល   ដ្ឋានអ្វីខ្លះ?

0

          ដោយៈតារា

ភ្នំពេញៈ វេទិកាសេដ្ឋកិច្ចពិភពលោក បានសម្រេចជ្រើសយកកម្ពុជា ព្រោះកម្ពុជា​សម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការសម្រេចបានកំណើនសេដ្ឋកិច្ចមធ្យមប្រមាណ៧%, ជាពិសេសកម្ពុជាមានកិច្ចសហការល្អ រវាងរាជរដ្ឋាភិបាល និងផ្នែកឯក និងកម្ពុជាអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​សុខ ចិន្តាសោភាបានមានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៃការរៀបចំពិធីដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យ ស្តីពីសន្ទានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោតសម្រាប់អភិវឌ្ឍន៍ចីរភាព តាមប្រព័​ន្ធវីដេអូ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ថា ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្រួលដល់ការធ្វើសន្ទានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

លោកបានស្នើសុំឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឱ្យបានទូលំទូលាយ និងសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈ​កម្ពុជាបានខិតខំជំរុញការវិនិយោគ ដែលមានទង្វើរធុរកិច្ចប្រកបដោយការទទួលខុស​ត្រូវ និងមានចីរភាព។

ជាមួយគ្នានេះ លោកបណ្ឌិត Matthew Stephenson នាយកគោលនយោបាយ និងសហគមន៍នៃនាយកដ្ឋានវិនិយោត និងពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគ អនុលោមតាមគោលការណ៍បរិស្ថាន សង្គម និងអភិ បាលកិច្ច អាចដាក់ការវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិសប្រតិ​បត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែច្រើនទៀត ដើម្បីទាក់ទាញការធ្វើធុរៈកិច្ច រួមគ្នាជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ទានកម្មខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហរដ៏ប្រសើរ ចំពោះការវិនិយោគពីសំ ណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះ ទី១ កម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនៈជាមធ្យមប្រមាណជាង ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ចសម្រួលវិនិយោតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។ ទី២ខណៈពេលដែលកម្ពុជា ត្រូវការការអភិវឌ្ឍស្របពេល ដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា ៧% តាំងពីឆ្នាំ ២០១១ មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគ សម្រាប់ការអភិវឌ្ឍអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។ ទី៣ កម្ពុជាបានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។

ចំណែកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើក១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការគ្នារវាងរដ្ឋ និងឯកជន ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀត ដែលប្រការនេះ គឺស្របគ្នានឹងបេសកកម្ម របស់វេទិកាសេដ្ឋកិច្ចពិភពលោក ។ ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោកនិងកម្ពុជា បានធ្វើការរួមគ្នាដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តម្មានុវត្តស្តីពី ការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេសដំណើរការនៃការរៀបចំប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាពជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕

 

អត្ថបទ៖ សុន រ៉ាឌី,

រូបភាព៖ (ឯកសារ រោងចក្រ សហគ្រាសកំពុងដំណើរការ, ការនាំចេញចូលជាដើម)

LEAVE A REPLY

Please enter your comment!
Please enter your name here