ដោយៈសុខុម
អាមេរិក: ក្រុមហ៊ុនផលិតយន្តហោះយក្ស Boeing Co បានប្រកាសថា កាលពីថ្ងៃពុធ ទី១២ ឧសភាថា ខ្លួនបានទទួលការអនុម័ត ពីក្រុមនិយ័តករសហរដ្ឋអាមេរិកឱ្យដោះស្រាយបញ្ហាអគ្គិសនី ពេលចុះចត ដែលបានធ្វើឱ្យប៉ះពាល់ដល់យន្តហោះធុន 737 MAX ប្រមាណ១០០គ្រឿង។
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១៣ ឧសភា ឱ្យដឹងថា ការអនុម័តនេះ ជាជំហានត្រួសត្រាយផ្លូវសម្រាប់ឱ្យយន្តហោះ 737 MAX ទាំងនោះចូលបម្រើសេវា ដឹកអ្នកដំណើរឡើងវិញក្នុងពេលឆាប់ៗ បន្ទាប់ពីការហោះហើរត្រូវបានពន្យារពេលកាលពីដើមខែមេសា។
មន្ត្រីមួយរូបមកពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បញ្ជាក់ថា ស្ថាប័ន FAA ពិតជាបានអនុម័តលើសេចក្ដីជូនដំណឹង និងចេញសេចក្ដីណែនាំប្រាកដមែន ជុំវិញករណីនេះ។ ក្រុមហ៊ុនផលិតយន្តហោះយក្សរបស់សហរដ្ឋអាមេរិក Boeing បានផ្ញើសេចក្ដីជូនដំណឹងចំនួន២ ទៅបណ្ដាក្រុមហ៊ុនអាកាសចរណ៍ កាលពីថ្ងៃពុធ ទី១២ ខែឧសភា អំពីលើការពិនិត្យជួសជុលបញ្ហាអគ្គិសនីនេះ។
ក្រុមហ៊ុន Boeing បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “បន្ទាប់ពីទទួលបានការអនុម័តចុងក្រោយពីស្ថាប័ន FAA យើងក៏បានចេញសេចក្ដីជូនដំណឹង អំពីការពិនិត្យជួសជុលយន្តហោះ ដែលមានបញ្ហាពាក់ព័ន្ធ។ យើងក៏កំពុងប្រឹងប្រែងបង្ហើយការងាររបស់យើងផងដែរ ខណៈយើងត្រៀមបន្តដំណើរការសេវាដឹកជញ្ជូនឡើងវិញ” ។
ការប្រកាសនេះជាដំណឹងដ៏ល្អ គួរឱ្យអបអរសាទរ សម្រាប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ដែលបាននិងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីដាក់យន្តហោះរបស់ខ្លួន ឱ្យដំណើរការដឹកអ្នកដំណើរឡើងវិញ ឱ្យបានមុនចុងខែឧសភា ព្រោះវាជារដូវកាល ដែលតម្រូវការធ្វើដំណើរកើនឡើងខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៣ របស់សហរដ្ឋអាមេរិក ដែលដំណើរការយន្តហោះធុន 737 MAX រួមមានក្រុមហ៊ុន Southwest Airlines ក្រុមហ៊ុន American Airlines និងក្រុមហ៊ុន United Airlines បានដកយន្តហោះ៦០គ្រឿង ចេញពីប្រតិបត្តិការហោះហើររបស់ខ្លួន បន្ទាប់ពីទទួលបានការជូនដំណឹងនេះ ពីក្រុមហ៊ុន Boeing ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនេះមិនបានឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ៕