លោក​ឧកញ៉ា​គីម ហ៊ាង​បង្ហាញ​យុទ្ធសាស្ត្រ​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ទៅជា​អ្នក​អភិវឌ្ឍន៍​បុរី

0

ដោយៈ​លក្ខិណា

ភ្នំពេញៈ បើ​និយាយ​ពី​ឈ្មោះ​លោក​ឧកញ៉ា​គីម ហ៊ាង អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រាកដជា​បាន​ស្គាល់​គ្រប់គ្នា ដោយសារ​លោក​ឧកញ៉ា​ធ្លាប់ ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ និង​ជា​អ្នក​ប្រកប​អាជីព​លើ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ជិត២០ឆ្នាំ​មកហើយ។

មុនដំបូង​លោក​គ្រាន់តែ​អ្នក​គួ​ក​ជេ​ដីធ្លី​ម្នាក់​ប៉ុណ្ណោះ តែ​មកដល់​បច្ចុប្បន្ន​លោក​គឺជា​អ្នកវិនិយោគ​លើ​បុរី​មួយកន្លែង ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្ដាល។

តើ​លោក​ឧកញ៉ា​មាន​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​ខ្លួន​ដោយ​របៀប​ណា ក្នុង​វិស័យ​អចលនទ្រព្យ?។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ដឹង​កាលពី​ថ្ងៃទី១៣ ឧសភា​កន្លងមក​ថា កាលពី១៥ឬ១៦ឆ្នាំមុន​លោក​គឺជា​អ្ន​គួ​ក​ជេ នាំ​ភ្ញៀវ​ជួល​អចលនទ្រព្យ ហើយ​អំឡុង​កាលនោះ​សំបូរ​ជនបរទេស​ជា​អ្នក​ជួល​អចលនទ្រព្យ ជាពិសេស​មកពី​ខាង​អឺរ៉ុប។

រហូតមកដល់​ឆ្នាំ២០០៨ លោក​បាន​អភិវឌ្ឍន៍​ខ្លួន​មួយកម្រិត​ទៀត គឺជា​អ្នកវាយតម្លៃ​ដីធ្លី និង​អចលនទ្រព្យ និង​នៅតែ​បន្ត​ទិញ​លក់​ជួល​អចលនទ្រព្យ​ដដែល។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អ្នក​អភិវឌ្ឍន៍​បុរី KS Residents បាន​បន្តថា នៅពេលដែល​លោក​បាន​កម្រៃជើងសារ ពី​ការងារ​ទាំងនោះ លោក​ក៏បាន​បែកគំនិត​ទិញ​ដី​ទុក ហើយ​ការងារ​ទិញ​លក់​ដីឡូត៍​នោះ លោក​ចេះ​តាំងពី​ឆ្នាំ២០០៤ ឬ២០០៥ម្ល៉េះ ដូច្នេះ​ការងារ​របស់លោក​គឺ​ទិញ​លក់​ខ្លួនឯង​ផង ជួយ​ទិញ​លក់​ឱ្យ​ភ្ញៀវ​និង​ជួល​អចលនទ្រព្យ​ផងដែរ។

រហូតមកដល់​ឆ្នាំ ២០១៨ លោក​សម្រេច​ទិញ​ដី បាន​ប្រមាណ​ជាង៣ហិច​តា​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល សម្រាប់​សម្រាកលំហែ​ក្រុមគ្រួសារ តែ​ចូលដល់​ឆ្នាំ២០១៩ គឺ​មួយ​ឆ្នាំក្រោយ​បន្ទាប់ពី​ទិញ តំបន់​នោះ​ក៏មាន​សក្ដានុពល ក្នុងការ​អភិវឌ្ឍ​ជា​លំនៅឋាន ហើយ ក៏បាន​ទិញ​បន្ថែមទៀត​សរុប​ជាង៦ហិច​តា សម្រាប់​សង់​ជា​បុរី​ដែលមាន​ឈ្មោះថា KS Resident ។

លោក​បន្ថែមថា គម្រោង​អភិវឌ្ឍន៍​គម្រោង​បុរី KS Resident មានផ្ទះ​សរុប​ប្រមាណ​ជាង៣០០ផ្ទះ សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ ដែលមាន​តម្រូវការ​លំនៅឋាន និង​ផ្ដោតលើ​អ្នក​ដែលមាន​ស្រុកកំណើត​ព្រៃវែង ស្វាយរៀង និង​ខេត្តកណ្ដាល ព្រោះ​ពួកគេ​អាចធ្វើ​ការ​នៅ​ភ្នំពេញ ហើយ​មក​សម្រាក​នៅក្នុង​បុរី​នៅពេល​ចេញពី​ធ្វើការ និង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ទៀតផង​ដែរ ។

លោក​ថា “ទីបំផុត​អ្នក​ដែល​ទិញ​ផ្ទះ​ក្នុង​បុរី របស់​យើង​គឺ​អត់​មាន​អ្នកណា​មកពី​ឆ្ងាយ​គឺ​អ្នក​ស្រុកភូមិ ឬ​អ្នក​នៅ​តំបន់​ជុំវិញ​នោះ ហើយ​យើង​ក៏​ផ្ដល់ជូន​តម្លៃ​សមរម្យ ជូ​អតិថិជន​របស់​យើង​ផងដែរ” ។

លោក​ឧកញ៉ា​បញ្ជាក់ថា ការអភិវឌ្ឍ​គម្រោង​បុរី KS Resident គឺ​បណ្ដា​លពី​ការជំរុញ​លើកទឹកចិត្ត​ពី​បុគ្គ​លិ ក​និង​ក្រុមការងារ និង​មាន​ផ្នត់គំនិត​មួយ​ថា យើង​ជា​អ្នកលក់​បុរី លក់​ខុន​ដូ និង​លក់​ដីធ្លី​ឱ្យគេ​បាន ចុះ​ហេតុ​អ្វីដែល​យើង​មិនអាច​អភិវឌ្ឍន៍ និង​លក់​របស់​ខ្លួនឯង​ទៅ​ភ្ញៀវ ឬ​អតិថិជន​ខ្លួន​ដែរ​ទៅ? ខណៈដែល​ខ្លួន​មាន​បុគ្គលិក និង​ភ្នាក់ងារ​អចលនទ្រព្យ​ខ្លួនឯង​ស្រាប់ ។

ទីបំផុត​លោក​ក៏​សម្រេច​អភិវឌ្ឍន៍​គម្រោង​បុរី​នេះ​ឡើង ដែលជា​គម្រោង​ដំបូង​របស់លោក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here