ដោយៈលក្ខិណា
ភ្នំពេញៈ បើនិយាយពីឈ្មោះលោកឧកញ៉ាគីម ហ៊ាង អ្នកនៅក្នុងវិស័យអចលនទ្រព្យ ប្រាកដជាបានស្គាល់គ្រប់គ្នា ដោយសារលោកឧកញ៉ាធ្លាប់ ជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យ និងជាអ្នកប្រកបអាជីពលើវិស័យដីធ្លី និងអចលនទ្រព្យជិត២០ឆ្នាំមកហើយ។
មុនដំបូងលោកគ្រាន់តែអ្នកគួកជេដីធ្លីម្នាក់ប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នលោកគឺជាអ្នកវិនិយោគលើបុរីមួយកន្លែង ក្នុងស្រុកកៀនស្វាយខេត្តកណ្ដាល។
តើលោកឧកញ៉ាមានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ខ្លួនដោយរបៀបណា ក្នុងវិស័យអចលនទ្រព្យ?។
លោកឧកញ៉ាបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia ដឹងក្នុងកិច្ចសម្ភាសន៍ពិសេសដឹងកាលពីថ្ងៃទី១៣ ឧសភាកន្លងមកថា កាលពី១៥ឬ១៦ឆ្នាំមុនលោកគឺជាអ្នគួកជេ នាំភ្ញៀវជួលអចលនទ្រព្យ ហើយអំឡុងកាលនោះសំបូរជនបរទេសជាអ្នកជួលអចលនទ្រព្យ ជាពិសេសមកពីខាងអឺរ៉ុប។
រហូតមកដល់ឆ្នាំ២០០៨ លោកបានអភិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត គឺជាអ្នកវាយតម្លៃដីធ្លី និងអចលនទ្រព្យ និងនៅតែបន្តទិញលក់ជួលអចលនទ្រព្យដដែល។
លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរី KS Residents បានបន្តថា នៅពេលដែលលោកបានកម្រៃជើងសារ ពីការងារទាំងនោះ លោកក៏បានបែកគំនិតទិញដីទុក ហើយការងារទិញលក់ដីឡូត៍នោះ លោកចេះតាំងពីឆ្នាំ២០០៤ ឬ២០០៥ម្ល៉េះ ដូច្នេះការងាររបស់លោកគឺទិញលក់ខ្លួនឯងផង ជួយទិញលក់ឱ្យភ្ញៀវនិងជួលអចលនទ្រព្យផងដែរ។
រហូតមកដល់ឆ្នាំ ២០១៨ លោកសម្រេចទិញដី បានប្រមាណជាង៣ហិចតានៅស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រាប់សម្រាកលំហែក្រុមគ្រួសារ តែចូលដល់ឆ្នាំ២០១៩ គឺមួយឆ្នាំក្រោយបន្ទាប់ពីទិញ តំបន់នោះក៏មានសក្ដានុពល ក្នុងការអភិវឌ្ឍជាលំនៅឋាន ហើយ ក៏បានទិញបន្ថែមទៀតសរុបជាង៦ហិចតា សម្រាប់សង់ជាបុរីដែលមានឈ្មោះថា KS Resident ។
លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍គម្រោងបុរី KS Resident មានផ្ទះសរុបប្រមាណជាង៣០០ផ្ទះ សម្រាប់លក់ជូនប្រជាពលរដ្ឋ ដែលមានតម្រូវការលំនៅឋាន និងផ្ដោតលើអ្នកដែលមានស្រុកកំណើតព្រៃវែង ស្វាយរៀង និងខេត្តកណ្ដាល ព្រោះពួកគេអាចធ្វើការនៅភ្នំពេញ ហើយមកសម្រាកនៅក្នុងបុរីនៅពេលចេញពីធ្វើការ និងងាយស្រួលក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតទៀតផងដែរ ។
លោកថា “ទីបំផុតអ្នកដែលទិញផ្ទះក្នុងបុរី របស់យើងគឺអត់មានអ្នកណាមកពីឆ្ងាយគឺអ្នកស្រុកភូមិ ឬអ្នកនៅតំបន់ជុំវិញនោះ ហើយយើងក៏ផ្ដល់ជូនតម្លៃសមរម្យ ជូអតិថិជនរបស់យើងផងដែរ” ។
លោកឧកញ៉ាបញ្ជាក់ថា ការអភិវឌ្ឍគម្រោងបុរី KS Resident គឺបណ្ដាលពីការជំរុញលើកទឹកចិត្តពីបុគ្គលិ កនិងក្រុមការងារ និងមានផ្នត់គំនិតមួយថា យើងជាអ្នកលក់បុរី លក់ខុនដូ និងលក់ដីធ្លីឱ្យគេបាន ចុះហេតុអ្វីដែលយើងមិនអាចអភិវឌ្ឍន៍ និងលក់របស់ខ្លួនឯងទៅភ្ញៀវ ឬអតិថិជនខ្លួនដែរទៅ? ខណៈដែលខ្លួនមានបុគ្គលិក និងភ្នាក់ងារអចលនទ្រព្យខ្លួនឯងស្រាប់ ។
ទីបំផុតលោកក៏សម្រេចអភិវឌ្ឍន៍គម្រោងបុរីនេះឡើង ដែលជាគម្រោងដំបូងរបស់លោកផងដែរ៕