អ្នកជំនាញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញទៅបណ្ដាខេត្តនឹងបង្កើនភាពទាក់ទាញដល់ការវិនិយោគអចលនទ្រព្យ

0

ដោយៈ វិឌ្ឍនៈ

ភ្នំពេញ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា នឹងជំរុញ និងទាក់ទាញ ដល់ការវិនិយោគនៅក្នុងខេត្តនោះកាន់តែខ្លាំង ជាពិសេសបណ្ដាខេត្ត ដែលមានសក្ដានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាក្នុងប្រទេស គឺជាកត្តាទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការវិនិយោគ និងចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ជាក់ស្ដែងនៅជុំវិញរាជធានីភ្នំពេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើឡើងជាបន្តបន្ទាប់ដើម្បីទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសដាក់ទុនវិនិយោគ។

លោកបានថ្លែងបន្តថា អ្នកវិនិយោគសម្លឹងមើលទីតាំងណា ដែលមានការអភិវឌ្ឍផ្លូវថ្នល់ ប្រព័ន្ធទឹក និងភ្លើង ហើយបន្ទាប់មកគេនឹងជ្រើសរើសធ្វើជាទីតាំង សម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគេ។
លោកបន្តថា ដូចគ្នានេះដែរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តសក្ដានុពលនឹងជំរុញឱ្យវិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តនោះផងដែរ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលបានពង្រីកផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តដូចជាផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅកាន់ខេត្តកំពត ផ្លុវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងផ្លូវជាតិលេខទៅកាន់ខេត្តសៀមរាបជាដើម។

លោកបានឱ្យដឹងថា “ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ពេលនេះ គេអាចទៅមកវិលល្ងាចដោយមិនចាំបាច់សម្រាកនៅទីនោះក៏បានដែរ ដោយសារតែផ្លូវស្រួលអាចធ្វើបានលឿនរហ័ស ដូចនេះវិនិយោគិនអាចទៅមើលគម្រោងណាមួយភ្លេត ហើយត្រលប់មកភ្នំពេញដោយងាយស្រួល និងអាចសល់ពេលវេលាសម្រាប់ធ្វើការទៀតផង”។

យោងតាមរបាយការណ៍ស្ថិតិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមថវិកាបំណុលដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍នានា គឺភាគច្រើនលើសលុបយកមកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធតែម្ដង ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តសក្ដានុពល និងក្នុងខេត្តនោះផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here