ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Shangri-La International Hotel Management Ltd. (Shangri-La) ចាប់ផ្តើមបង្កើនសកម្មភាពជ្រើសរើសបុគ្គលិក ចាប់តាំងពីខែមីនា ឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងពីផែនការពង្រីកខ្លួន របស់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ី និងម ជ្ឈឹមបូព៌ា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ BW Hotelier នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
ក្រុមហ៊ុនសណ្ឋាគារ ដែលប្រតិបត្តិការសណ្ឋាគារលំដាប់ផ្កាយ៥ របស់ហុងកុងនេះ កំពុងបង្កើនសកម្មភាពអាជីវកម្មសណ្ឋាគាររបស់ ដោយកំណត់ឱកាសវិនិយោគថ្មី។ ការជ្រើសរើសបុគ្គលិកជាង ៦៥០នាក់ ត្រូវបានប្រកាសនៅខែមីន និងខែមេសា ឆ្នាំ២០២១ ។
លោក Ajay Thalluri អ្នកវិភាគមូលដ្ឋានគ្រឹះធុរៈកិច្ចនៃក្រុមហ៊ុន GlobalData បានថ្លែងថា “សកម្មភាពជ្រើសរើសបុគ្គលិកច្រើនរបស់ Shangri-La ចាប់តាំងពីខែមីនាឆ្នាំ២០២១ គឺដើម្បីរៀបចំផែនការ ប្រតិបត្តិ និងបញ្ចប់គម្រោងសណ្ឋាគារ និងការជួសជុលថ្មី។ ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ កំពុងតែពង្រីកភូមិសាស្ត្រអាជីវកម្មថ្មី ដោយបង្កើតក្រុមការងារសម្រាប់ការគ្រប់គ្រងសណ្ឋាគារ ជាពិសេសនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ជប៉ុន កម្ពុជា និងអូស្ត្រាលី។
ក្រុមហ៊ុន Shangri-La ដំណើរការសណ្ឋាគារជាង១០០កន្លែង នៅទូទាំងពិភពលោក ហើយមានគម្រោងសណ្ឋាគារ និងគម្រោងអភិវឌ្ឍន៍ចម្រុះនៅអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា។
ជាមួយគ្នានេះដែរ សណ្ឋាគារផ្កាយ៥ The shangri-la Hotel បាននិងកំពុងលេចរូបរាងឡើងនៅរាជធានីភ្នំពេញ។ The shangri-la Hotel មាន៣០០បន្ទប់ ហើយត្រូវចំណាយទុនលើគំរោងមួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ជាមួយការបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៥៨០លានដុល្លារអាមេរិក។ សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ដែលមានកម្ពស់៥៥ជាន់។
The shangri-la Hotel ដែលគេស្គាល់ថា ជាសណ្ឋាគារមានយីហោ (Brand) លំដាប់ពិភពលោកមួយនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Oxley-Gem (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនបុត្រស ម្ព័ន្តរបស់ក្រុមហ៊ុនមេ Oxley Holdings Limited របស់សិង្ហបុរី និងក្រុមហ៊ុន Worldbidge Land របស់លោកអ្នកញ៉ាស៊ា រិទ្ធី ៕