វិនិយោគិនក្នុងស្រុកនឹងចាប់ផ្ដើមស្វែងរកការវិនិយោគអចលនទ្រព្យឡើងវិញ នៅពេលឆាប់ៗនេះ

0

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២១នេះជាពិសេសចាប់តាំងពីកម្ពុជាបានជួបប្រទះនឹងការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ មកសកម្មភាពវិនិយោគនានាត្រូវបានថយចុះ ស្ទើរតែគ្រប់វិស័យក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏ត្រូវបានមើលឃើញថាមានបញ្ហាផងដែរ។

អ្នកជំនាញអចលនទ្រព្យបានព្យាករនិងរំពឹងថា វិនិយោគិនស្រុកនឹងអាចចាប់ផ្ដើមស្វែងរកការវិនិយោគអចលនទ្រព្យឡើងវិញ ក្នុងពេលឆាប់ៗនេះ ខណៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឆ្លងថ្មីនៃកូវីដបានថយចុះ ហើយអ្នកជាកើនឡើង។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបា​នមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៧ ឧសភាកន្លងមកថា តាមរយៈតួលេខនៃអ្នកជំងឺកូវីដ១៩កើតថ្មី និងអ្នកជាសះស្បើយប៉ុន្មានថ្ងៃមកនេះ បានឃើញថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចាប់ផ្ដើមកើនឡើង និងច្រើនជាងអ្នកកើតថ្មី។

លោកបន្តថា “វាជាសញ្ញាល្អប្រសើ​រមួយ សម្រាប់វិស័យអចលនទ្រព្យហើយរំពឹងថា វិស័យអចលនទ្រព្យនឹងកើនឡើងវិញ”។ លោកបន្តថា “វិនិយោគិនក្នុងស្រុកនឹងចាប់ផ្ដើមចេញស្វែងរកការវិនិយោគ លើអចលនទ្រព្យឡើងវិញ ក្រោយពេលពួកគាត់បានស្ងប់ស្ងាត់មួយរយៈដោយការបិទទីក្រុង និងរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀត”។

លោកច្រឹក សុខនីមបានបន្តថា នៅពេលមានការធ្វើដំណើររបស់វិនិយោគិន វានឹងមានការដោះដូរគម្រោង ដោះដូរដីធ្លី និងគម្រោងអចលនទ្រព្យផ្សេងទៀត។ ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ផ្នែកខ្លះនៃសេដ្ឋកិច្ច និងអចលនទ្រព្យតែបើធៀបនឹងវិបត្តិក្នុងឆ្នាំ២០០៧ រហូតដល់ដើមឆ្នាំ២០០៩ ឃើញថាវិបត្តិក្នុងអំឡុងពេលនោះ បានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងអចលនទ្រព្យ ព្រោះវិបត្តិនោះជាវិបត្តិហិរញ្ញវត្ថុ ដែលធ្វើឱ្យដួលរលំនៃស្ថាប័នហិរញ្ញវត្ថុធំៗ នៅលើសកលលោក។

តែបើក្រលេកមកមើលវិបត្តិ ក្នុងឆ្នាំ២០២០និង២០២១ ជាវិបត្តិជំងឺមិនទាន់មានការដួលរលំនៃសេដ្ឋកិច្ចនៅឡើយ តែយើងទទួលស្គាល់ថារងផលប៉ះពាល់ មួយចំនួនធំទៅលើការប្រកបអាជីវកម្ម ព្រោះប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន ដូច្នេះពួកគាត់ត្រូវយកទុនបម្រុងដែលរក្សាទុកមកប្រើប្រាស់វិញ។

លោកបន្ថែមថា នៅក្នុងវិបត្តិឆ្នាំ ២០២០ និង២០២១ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនពិតជាមានផលប៉ះពាល់គ្រាន់តែតិចនិងច្រើន តែមិនមានក្រុមហ៊ុនណាមួយបិទទ្វារព្រោះតែវិបត្តិនេះនោះទេ ព្រោះថាទោះបីជាមានការរឹតត្បិតការជួបជុំ ក្រុមហ៊ុនទាំងនោះក៏បានរកវិធីផ្ដល់សេវាកម្មតាមអនឡាញ ប្រឹក្សារយោបល់ដល់អតិថិជនតាមរយៈអនឡាញ និងអាចទទួលបានកម្រៃខ្លះៗពីការងារទាំងនេះ។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា ក្រោយពេលរដ្ឋាភិបាល ចាប់ផ្ដើមបើកដំណើរការឡើងវិញ នូវការធ្វើដំណើរឆ្លងខេត្ត និងបិទបញ្ចប់ការបិទខ្ទប់រាជធានី យើងមើលឃើញថា សកម្មភាពនៃការចេញធ្វើដំណើររបស់វិនិយោគិន បានចាប់ផ្ដើមឡើងវិញបន្តិច ជាពិសេសការធ្វើដំណើរទៅកាន់បណ្ដាខេត្ត ដើម្បីស្វែងរកដីធ្លីសម្រាប់វិនិយោគនៅពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here