សុខុម
អាមេរិក: ក្រុមហ៊ុនយក្សអាមេរិក Amazon កំពុងចរចាសុំទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក MGM Studios ក្នុងតម្លៃ៩ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៨ ឧសភា នេះ។
MGM Studios គឺជាក្រុមហ៊ុនស្ទូឌីយោមួយក្នុងចំណោមក្រុមហ៊ុនស្ទូឌីយោដ៏ល្បីល្បាញបំផុតនៅហូលីវូដ (Hollywood) ដែលមានប្រវត្តិជិតមួយសតវត្សរ៍ទៅហើយ។
ដំណឹងនេះបានលេចឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍យក្សអាមេរិក AT&T បានព្រមព្រៀងច្របាច់បញ្ចូលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Warner Media ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនជាមួយក្រុមហ៊ុន Discovery ក្រោមកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមហ៊ុនយក្សថ្មីមួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា ក្រុមហ៊ុន MGM Holdings ដែលជាក្រុមហ៊ុនមេរបស់ MGM Studios បាននិងកំពុងស្វែងលក់អាជីវកម្មរបស់ខ្លួនមួយនេះចាប់តាំងពីចុងឆ្នាំ២០២០ កន្លងទៅ។
ការទិញយកក្រុមហ៊ុន MGM Studios នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់សេវាកម្មទស្សនាភាពយន្តតាមអនឡាញ (Streaming Service) របស់ក្រុមហ៊ុន Amazon។
ក្រុមហ៊ុន MGM Studios មានកម្មវីធីទស្សនាភាពយន្ត និងទូរទស្សន៍ជាច្រើនក្នុងរយៈពេល១សតវត្សរ៍ចុងក្រោយនេះ ហើយវាបានក្លាយជា Platform មួយដែលមានសម្បូរដោយភាពយន្តល្បីល្បាញគ្រប់សម័យកាល ក្នុងនោះរួមមានទាំងភាពយន្តរឿង Ben-Hur និងរឿង The Wizard of Oz ផងដែរ។
ទោះជាយ៉ាងណា ពេលសារព័ត៌មាន BBC ទាក់ទងទៅដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះ ទាំងក្រុមហ៊ុន Amazon និងក្រុមហ៊ុន MGM Studios មិនបានឆ្លើយតបទេ៕