អ្នកជំនាញៈ ការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជានឹងនៅតែទទួលបានផល ចំណេញខ្ពស់នាពេលអនាគត

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជា នឹងនៅតែទទួលបានឱកាស ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដោយសារប្រទេ​សកម្ពុជានឹងបន្តមានការអភិវឌ្ឍន៍លឿន ដែលរុញច្រានឱ្យគ្រប់វិស័យមានរីកចម្រើន ពិសេសវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលមានចំណុចសក្តានុពល ក្នុងការធ្វើការងារទំនាក់ទំនង ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន ខណៈវិស័យអចលនទ្រព្យ នៅប្រទេសមានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសវិស័យដីធ្លី។

លោកបានលើកឡើងថា “វិស័យដីធ្លីនៅកម្ពុជា គឺជាឱកាសសម្រាប់ការវិនិយោគ ហើយតាមរយៈបទពិសោធន៍របស់យើង ការវិនិយោគនៅក្នុងវិស័យដីធ្លី ផ្តល់ចំណេញខ្ពស់ ដោយប្រទេសកម្ពុជាយើង ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍លឿនណាស់ ហើយការអភិវឌ្ឍន៍ត្រូវបានពង្រីកទៅគ្រប់ទិសទីនៃទីក្រុង ដែលធ្វើឱ្យការវិនិយោគលើដីធ្លីទទួលបានផលចំណេញខ្ពស់”។

លោកបានថ្លែងថា ទី១ យើងត្រូវសិក្សាពីផែនការអភិវឌ្ឍន៍មេ របស់សាលាក្រុងភ្នំពេញថា តើផែនការនឹងត្រូវពង្រីកទៅតំបន់ណាមុនគេ ទី២ យើងត្រូវមើលពីទិន្នន័យក្បាលដី ដូច្នេះយើងនឹងដឹងពីប្រព័ន្ធអភិវឌ្ឍន៍ផ្លូវធំ ឬតូច ហើយយើងទទួលបានផលយ៉ាងឆាប់រហ័ស ដោយសារតែយើងមានប្រព័ន្ធផ្លូវនៅក្នុងផែនការអភិវឌ្ឍន៍មេ បោះបីជាយើងមិនទាន់ឃើញមានការអភិវឌ្ឍ លេចចេញជារូបរាងក៏ដោយ ពីព្រោះថានៅពេលគេចាប់ផ្តើមសាងសង់ផ្លូវភ្លាម ដីធ្លីនឹងឡើងថ្លៃភ្លាម។

លោកបានលើកឡើងបន្តថា តើយើងអាចទទួលបានព័ត៌មាន ទាក់ទងនឹងផែនការអភិវឌ្ឍន៍បានដោយរបៀបណា? អ្នកវិនិយោគ ដែលចង់បំណងចង់វិនិយោគលើវិស័យដីធ្លី គួរតែមកទាក់ទងនឹងភ្នាក់ងារអចលនទ្រព្យ ដែលពួកគាត់ដឹងច្បាស់ពីផែនការអភិវឌ្ឍន៍ទាំងអស់នេះ។ លោកបន្តថា យើងអាចទៅស្នើសុំឯកកសារទាក់ទង នឹងផែនការអភិវឌ្ឍនេះតាមរយៈសូរិយោដី សម្រាប់តាមបណ្តាខេត្ត ហើយយើងអាចទៅស្នើសុំព័ត៌មានទាំងនេះពីក្រសួងដែនដី នគរូបនិយកម្ម និងសំណង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here