ទីផ្សារកម្ពុជានៅថ្ងៃនេះ
ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន PropNex ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំរបស់សិង្ហបុរី បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា ដែលជាទីផ្សារបរទេសទីបួនរបស់ខ្លួន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែឧសភានេះ បានឱ្យដឹងថា ការពង្រីកនេះឃើញថា ចំនួនអ្នកលក់របស់ក្រុមហ៊ុននេះ កើនឡើងដល់ជាង១២.០០០នាក់ក្នុងតំបន់ ដោយប្រទេសកម្ពុជាមានជិត៥០០នាក់។
លោកAlan Neo ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia ហើយនឹងធ្វើជាម្ចាស់សិទ្ធិអាជីវកម្មផ្តាច់មុខ (the master franchise) នៅកម្ពុជា។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន PropNex Cambodia ស្ថិតនៅក្នុងរាជធានីភ្នំពេញ រួមជាមួយការិយាល័យសាខានៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោក Alan Neo បានថ្លែងថា PropNex សិង្ហបុរីមានកេរ្តិ៍ឈ្មោះលេចធ្លោ និងជាដៃគូជម្រើស ដែលយើងចង់បាន ដើម្បីពង្រីកខ្លួនយើងបន្ថែមទៀត នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។
លោកបានឱ្យដឹងទៀតថា “ដោយបានវាយតម្លៃជម្រើសជាច្រើន ខ្ញុំជឿជាក់ថា ការបណ្តុះបណ្តាលរបស់ក្រុមហ៊ុន PropNex វេទិកាបច្ចេកវិទ្យាទំនើប និងប្រព័ន្ធគាំទ្រអាចផ្តល់តម្លៃសេវាកម្មបន្ថែមដល់កម្លាំងលក់របស់យើង”។
លោកបានបន្តថា យើងមានក្តីរំភើបរីករាយក្នុងការចាប់យកមាគ៌ាអាជីពពីរ ដែលជាគំរូកំរៃជើងសារ (commission) ដែល PropNex បានត្រួសត្រាយចាប់តាំងឆ្នាំ២០០០ ដើម្បីទទួលបានជោគជ័យយ៉ាងច្រើន ហើយត្រូវបានទទួលយកជាការគំរូមួយ នៅកសិង្ហបុរី។
ទន្ទឹមនឹងនេះដែរ ប្រធាននាយកប្រតិបត្តិ និងCEO របស់ក្រុមហ៊ុន PropNex លោក Ismail Gafoor មានប្រសាសន៍ថា ការបង្រីកខ្លួននេះ គឺស្របនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការក្លាយជាភ្នាក់ងារអចលនទ្រព្យឈានមុខគេក្នុងតំបន់។
លោកមានប្រសាសន៍ថា “យើងមានការរំភើប ដែលបានក្លាយជាទីភ្នាក់ងារឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយបញ្ចូលរូបមន្តជោគជ័យរបស់យើង នៅពេលយើងពង្រីកយីហោរបស់យើងទៅកាន់ប្រទេសជាច្រើនទៀតនៅលើឆាកអន្តរជាតិ”។
គម្រោង ដែលទទួលបានសិទ្ធិលក់ ដោយក្រុមហ៊ុន PropNex Cambodia tod រួមមានគម្រោង Urban Village ដែលវិនិយោគដោយក្រុមហ៊ុន Hong Kong developer Urban Hub និងក្រុមហ៊ុនក៏ជាភ្នាក់ងារទីផ្សារផ្តាច់មុខសម្រាប់គម្រោង D’Seaview។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន PropNex ក៏បានរាយការណ៍ផងដែរថា ភ្នាក់ងារលក់របស់ខ្លួន៣០នាក់ នៅសិង្ហបុរីទទួលបានកំរៃជើងសារជាង១លានដុល្លារក្នុងមួយម្នាក់ៗ ពីការខិតខំប្រឹងប្រែងរបស់ខ្លួន កាលពីឆ្នាំ២០២០៕