ដោយៈសុខុម
ហុងកុង: ទំហំទុនវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើង២០%ដល់៧២៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង៦០៨,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្ដី។
យោងតាមគេហទំព័រ The Asset ចុះផ្សាយនៅថ្ងៃទី២០ ឧសភានេះឱ្យដឹងថា នៅទូទាំងពិភពលោក ទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) បានកើនឡើង១១%ដល់៤,១ទ្រីលានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២០ បើធៀបនឹង៣,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ហើយក្នុងនោះអាស៊ី-ប៉ាស៊ីហ្វិក មានចំនួន១៨% នៃទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ទូទាំងពិភពលោក។
អចលនទ្រព្យ ដែលមិនត្រូវបានចុះបញ្ជីមានមួយចំណែកធំ នៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) សរុបទូទាំងពិភពលោក។ ក្នុងចំណោមទំហំវិនិយោគ៤,១ទ្រីលានដុល្លារ អចលនទ្រព្យដែលមិនត្រូវបានចុះបញ្ជីមានចំនួន៨៣% ឬស្មើនឹងប្រមាណ៣,៤ទ្រីលានដុល្លារ។