ភ្នំពេញ ៖ ការអភិវឌ្ឍទៅកាន់តំបន់ប៉ែកខាងលិចនៃរាជធានីភ្នំពេញ បាននិងកំពុងបង្ហាញសក្ដានុពលកាន់តែខ្លាំងនិងទាក់ទាញដល់ការវិនិយោគរបសវិនិយោគិនក្នុងនិងក្រៅប្រទេស ក្នុងនោះខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានការទាញសម្រាប់ឧស្សាហកម្មហើយវាត្រូវបានព្យាករថានឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកសន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងផងដែរថា ក្រៅពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានខេត្តមួយចំនួនកំពុងតែទាក់ទាញនូវការវិនិយោគពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស ក្នុងនោះខេត្តកំពង់ស្ពឺក៏ឃើញថាមានការទាក់ទាញវិនិយោគិនសម្រាប់អភិវឌ្ឍជាតំបន់ឧស្សាហកម្មមួយសំខាន់ផងដែរ ។
លោកថា៖«កំពង់ស្ពឺជាទីតាំងដែលមានសក្ដានុពលសម្រាប់ឧស្សាហកម្ម ក្នុងនោះតំបន់តាមបណ្ដោយផ្លូវ៥១ក៏កំពុងតែសស្រាក់សស្រាំក្នុងការអភិវឌ្ឍដោយឃើញមានដីបម្រុងប្រមាណ៥០០ហិចតារបស់ក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍន៍ជារោងចក្រឧស្សាហកម្ម »។
លោកបន្តថា ក្រៅពីនេះ ក៏មានការអភិវឌ្ឍនៅ តំបន់ផ្លូវ៤១ ក្នុងស្រុកគងពិសី ដោយមានការវិនិយោគពីវិនិយោគិនសិង្ហបុរី ព្រមទាំងតំបន់ផ្សេងៗនៃខេត្តកំពង់ស្ពឺក៏មានការទាក់ទាញខ្លាំងផងដែរ ។