កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកដែលមានកម្ពុជាចូលរួមនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមអ្នកជំនាញ និងអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ជាមួយនឹងការផ្តល់សច្ចាប័នត្រូវបានពន្លឿន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទំនងជានឹងចូលជាធរមាននៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

កិច្ចព្រមព្រៀង ដែលកាលខែវិច្ឆិកា ឆ្នាំ២០២០ ចុះហត្ថលេខាដោយប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្រ្តាលី នូវែលហ្សេឡង់ និងប្រទេសអាស៊ានទាំង១០ ដែលរួមកម្ពុជាផងដែរនេះ បានបង្កើតប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក ហើយនឹងចូលជាធរមានក្នុងរយៈ៦០ថ្ងៃ បន្ទាប់ពីត្រូវបានផ្តល់សច្ចាប័ន ដោយសមាជិកអាស៊ានចំនួន៦ និងប្រទេសមិនមែនអាស៊ានចំនួន៣។

ប្រទេសថៃ សិង្ហបុរី ចិន និងជប៉ុនបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP រួចហើយ។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា រដ្ឋហត្ថលេខីទាំងអស់បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេលមួយឆ្នាំ ដូច្នេះវាអាចនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោក Zhang Jianping អគ្គនាយកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មក្នុងតំបន់ការវិនិយោគ និងការធ្វើសមាហរណកម្មទីផ្សារ។

លោកបានបន្តថា “ប្រការនេះនឹងជួយដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងងាកចេញពីការប្រឈមនឹងការកើនឡើង នូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម”។

លោក Zhang បាននិយាយថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសដែលចូលរួម និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក នឹងជម្រុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោយបន្ថែមថាមពលថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀង RCEP ត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយពន្ធគយចំនួន៩០ភាគរយលើទំនិញ ដែលបានធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខី ក្នុងរយៈពេល២០ឆ្នាំចាប់ តាំងពីចូលជាធរមាន។ នៅក្នុងច្បាប់រួមនៃប្រភពដើមដែលបង្កើតឡើងដោយ RCEP មានតែ៤០ភាគរយនៃមាតិកាប៉ុណ្ណោះ ត្រូវបានទាមទារសម្រាប់ទំនិញ ដើម្បីពិចារណាពីជាប្រភពដើមRCEP ដែលទាបជាងកម្រិតនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដទៃទៀតយ៉ាងខ្លាំង។

កិច្ចព្រមព្រៀងនេះ នឹងជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែទូលំទូលាយ តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ជំរុញលំហូរផលិតកម្ម ជំរុញការធ្វើសមាហរណកម្ម និងសម្របសម្រួលខ្សែសង្វាក់ផលិតកម្ម និងឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្ម និងអាជីវកម្មថ្មីៗ រួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែនទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here