ក្រសួងទេសចរណ៍ត្រៀមស្នើដល់រដ្ឋាភិបាលដើម្បីបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ដោយយកខេត្តសៀមរាបជាអាទិភាព

0

ដោយៈ ប៊ី
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកភាពសម្រេចដាក់ចេញនូវផែនការសក​ម្ម​ភាពអាទិភាពមួយចំនួន ដោយរៀបចំស្នើសុំដល់រដ្ឋាភិបាល ក្នុងការបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

ការត្រៀមរៀបចុះស្នើសុំនេះ ត្រូវបានធ្វើឡើង ក្នុងប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference) ពិភាក្សាសម្រេចលើឯកសារទស្សនាទានស្តីពី កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ១៩ ដែលដឹកនាំដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសច​រណ៍កាលពីម្សិលមិញ។

ក្រសួងទេសចរណ៍ បានរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗ ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយផ្តោតអាទិភាពការអនុវត្តគម្រោងក្នុងជំហានទី១ នៅខេត្តសៀមរាប-អង្គរ និងសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ ដែលមានហានិភ័យកូវីដ១៩ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង។

គម្រោងសាកល្បងនៃការបើកទេសចរណ៍ ជាបណ្តើរៗនេះនឹងផ្តោតលើ ១). ការកសាងទំនុកចិត្តសម្រាប់ទេសចរ (Build Trust and Confident) ២). ការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌ នៃការធ្វើចត្តាទ្បីស័កទាំងស្រុង ចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង ៣). ការសម្រួលតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យ ដើម្បីធានាការប្រកួតប្រជែងក្នុងតំបន់។

ក្រសួងទេសចរណ៍គ្រោងនឹងដាក់ឯកសារទស្សនាទាននេះ ដើម្បីពិគ្រោះយោបល់ល្អិតល្អន់បន្ថែមជាមួយវិស័យឯកជន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងដាក់ក្នុងរបៀបវារៈប្រជុំដើម្បីស្នើសុំយោបល់ និងកិច្ចសហការពីសំណាក់អន្តរស្ថាប័ននៅសប្តាហ៍ក្រោយ មុនស្នើសុំសេចក្តីសំរេចពី រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា លោកបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប- អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿន ជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា “សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះ ដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះ បានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ”។

លោកបានបន្តថា ករណីនេះអាចជាការចាប់ផ្តើមពិភាក្សាគ្នាអំពី ការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេសសម្រាប់ទេសចរដែ​លធ្វើដំណើរតាមជើងយន្តហោះត្រង់មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។

លោកថោង ខុនបានបញ្ជាក់ទៀតថា “អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការសកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩” ដែលរាជរដ្ឋាភិបាលទើបបានអនុម័តថ្មីៗនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here