ភ្នំពេញ ៖ គោលដៅរបស់មនុស្សម្នាក់ៗ គឺបំណងចង់បានលំនៅឋានផ្ទាល់ខ្លួនមួយសមរម្យ ហើយនៅពេលមានលំនៅឋានមួយអចិន្ត្រៃយ៍រួចហើយ ពួកគេនឹងស្វែងរកលំនៅឋានសម្រាប់លំហែកាយនៅចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាកពេលបុណ្យទានម្ដងៗ ជាក់ស្ដែងក្នុងពេលនេះ សកម្មភាពនៃការអភិវឌ្ឍតំបន់លំហែកាយក៏ចាប់ផ្ដើមមានសកម្មភាពបន្តបន្ទាប់ផងដែរ ។
លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថានៅពេលមានពលរដ្ឋកាន់តែមានជីវភាពធូរធា តម្រូវការលំនៅឋានសម្រាប់លំហែកាយនឹងមានកំណើនឡើង ដោយសារតែមនុស្សចង់សម្រាកលំហែកជួបជុំគ្រួសារពេលទំនេរពីការងារ ។
លោកបន្តថា សម្រាប់តំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយនេះគឺតំបន់ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិ ដូចជាកំពត កែប មណ្ឌលគីរី រតនគីរី តែសម្រាប់តំបន់ដែលមានសក្ដានុពលខ្លាំងគឺកំពតនិងកែបតែម្ដងព្រោះវានៅមិនឆ្ងាយពីភ្នំពេញ ។
ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ទាំងនោះក៏ស្រួល គេអាចធ្វើដំណើរទៅមកបានលឿននិងពេលខ្លះត្រលប់វិលល្ងាចបានស្រួលទៀតផង ។លោកថា៖« ពេលនេះមានវិនិយោគិនក្នុងនិងក្រៅស្រុកជាច្រើនក៏បានចាប់ផ្ដើមវិនិយោគលើចំការលំហែកាយ និងផ្ទះលំលែកាយជាបន្តបន្ទាប់ផងដែរ ហើយក៏មានអ្នកគាំទ្រជាច្រើន » ។