លំនៅឋានលំហែកាយនឹងក្លាយជាផ្នែកមួយពេញនិយមនៅពេលពលរដ្ឋកាន់តែមានជីវភាពធូរធា

0

ភ្នំពេញ ៖ គោលដៅរបស់មនុស្សម្នាក់ៗ គឺបំណងចង់បានលំនៅឋានផ្ទាល់ខ្លួនមួយសមរម្យ ហើយនៅពេលមានលំនៅឋានមួយអចិន្ត្រៃយ៍រួចហើយ ពួកគេនឹងស្វែងរកលំនៅឋានសម្រាប់លំហែកាយនៅចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាកពេលបុណ្យទានម្ដងៗ ជាក់ស្ដែងក្នុងពេលនេះ សកម្មភាពនៃការអភិវឌ្ឍតំបន់លំហែកាយក៏ចាប់ផ្ដើមមានសកម្មភាពបន្តបន្ទាប់ផងដែរ ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថានៅពេលមានពលរដ្ឋកាន់តែមានជីវភាពធូរធា តម្រូវការលំនៅឋានសម្រាប់លំហែកាយនឹងមានកំណើនឡើង ដោយសារតែមនុស្សចង់សម្រាកលំហែកជួបជុំគ្រួសារពេលទំនេរពីការងារ ។

លោកបន្តថា សម្រាប់តំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយនេះគឺតំបន់ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិ ដូចជាកំពត កែប មណ្ឌលគីរី រតនគីរី តែសម្រាប់តំបន់ដែលមានសក្ដានុពលខ្លាំងគឺកំពតនិងកែបតែម្ដងព្រោះវានៅមិនឆ្ងាយពីភ្នំពេញ ។

ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ទាំងនោះក៏ស្រួល គេអាចធ្វើដំណើរទៅមកបានលឿននិងពេលខ្លះត្រលប់វិលល្ងាចបានស្រួលទៀតផង ។លោកថា៖« ពេលនេះមានវិនិយោគិនក្នុងនិងក្រៅស្រុកជាច្រើនក៏បានចាប់ផ្ដើមវិនិយោគលើចំការលំហែកាយ និងផ្ទះលំលែកាយជាបន្តបន្ទាប់ផងដែរ ហើយក៏មានអ្នកគាំទ្រជាច្រើន » ។

លោកបន្ថែមការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងកាន់តែពេញនិយមនៅពេលអនាគត នៅពេលពរលដ្ឋកម្ពុជាកាន់តែមានជីវភាពធូរធា និងចង់សម្រាកលហែជាលក្ខណៈគ្រួសារ ដោយមិនចង់ស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារ ដែលមានមនុស្សអ៊ូអរច្រើន ។

បើតាមលោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំកំពតនិងកែបក៏បានឱ្យដឹងថា ពេលនេះអ្នកអភិវឌ្ឍន៍ដីធ្លីក៏បានបង្វែពីការអភិវឌ្ឍដីឡូត៏ ដែលមានទំហំ៥ម៉ែត្រគុណ២០ម៉ែត្រដូចមុនទៅជាអភិវឌ្ឍដីធ្លីមានទំហំធំៗ ដែលផ្ដោតលើលំនៅឋានលំហែកាយនៅតាមជើងភ្នំ ។ ការងារបែបនេះក៏ឃើញថាកំពុងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋជាពិសេសពលរដ្ឋរស់នៅរាជធានីភ្នំពេញនិងខេត្តផ្សេងៗ ។

លោកបន្តថា បើទោះបីជាមានបញ្ហាដោយសារតែកូវីដ១៩ក្ដី តែសកម្មភាពនៃការទិញលក់ដីធ្លីប្រភេទនិងដីធ្លីផ្សេងៗទៀតនៅតែសកម្មភាពជាហូរហែ ព្រោះតែការជឿជាក់លើរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ និងសក្ដានុពលនៃតំបន់សម្រាប់ការអភិវឌ្ឍនៅពេលឆាប់ៗនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here