មហាយក្សចិនជំរុញទំនាក់ទំនងជាមួយអាស៊ានបន្ថែមដើម្បីកសាងសហគមន៍រួមគ្នានាអនាគត

0

ដោយៈ គៀតឈូ

ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសលោកវ៉ាង យីកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ានបន្ថែម និងកសាងសហគមន៍រួមគ្នាឱ្យកាន់តែជិតស្និទ្ធនាអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

លោកបានអំពាវនាវដូច្នេះ អំឡុងពេលដែលលោកធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន។

លោកវ៉ាង យីបានមានប្រសាសន៍ថា “ក្នុងរយៈពេល៣០ឆ្នាំកន្លងមក តាមរយៈការខិតខំរួមគ្នា យើងបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត និងជាដៃគូយុទ្ធសាស្ត្រ ដែលមានភាពស្វាហាប់បំផុត”។ ជាមួយគ្នានេះដែរ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងពីជាង៨ពាន់លានដុល្លារ ទៅដល់៦៨៤,៦ពាន់លានដុល្លារកើនឡើង៨០ដង។

លោកបានបន្ថែមទៀតថា “បទពិសោធន៍ជាច្រើនបង្ហាញពីទំនាក់ទំនងការបរទេស ដោយផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកាន់ខ្ជាប់នូវស្មារតីនៃភាពជាដៃគូ ដោយបើកចំហរចំពោះគ្នាទៅវិញទៅមក និងដោះស្រាយភាពខុសគ្នា”។

ដោយកត់សម្គាល់ថាប្រទេសចិន និងអាស៊ានគួរតែផ្តោតលើរយៈពេល៣០ឆ្នាំខាងមុខ លោកវ៉ាង យីបានដាក់ចេញនូវសំណូមពរដល់ភាគីទាំងពីរឱ្យរួមគ្នាស្វែងយល់ រក្សា និងអភិវឌ្ឍផ្នៃកកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយលក្ខណៈអាស៊ីបូព៌ា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន និងបង្កើនភាពកាន់តែជិតស្និទ្ធជាមួយគ្នានឹងអនាគតរួមគ្នា។

លោកបានអំពាវនាវឱ្យមានការបង្កើនចំណងមិត្តភាពចិន-អាស៊ានឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានដល់កិច្ចព្រមព្រៀងដំបូងស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here