ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងកសាងបណ្តាញផ្លូវជាតិ និងផ្លូវសេដ្ឋកិច្ចសំខាន់ៗចំនួន៧ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងកំនើនសេដ្ឋកិច្ច និងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនបន្ថែមទៀត។
ហេដ្ឋារចនាសម្ព័ន្ឋដែលចំណាយប្រាក់ រាប់ពាន់លានដុល្លារនេះ បាននិងកំពុងត្រូវបានអ្នកជំនាញមើលឃើញថា វានឹងក្លាយជាកំលាំងចលករស្នូល ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។
ផ្លូវជាតិលេខ២
ផ្លូវជាតិលេខ២ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយតភ្ជាប់ពីក្រុងតាខ្មៅ ខេត្តកណ្តាល ទៅកាន់ខេត្តតាកែវ និងតភ្ជាប់ចេញពីក្រុងដូនកែវ ទៅកាន់ទីប្រជុំជនអង្គតាសោម នៃផ្លូវជាតិលេខ៣។ បច្ចុប្បន្នការស្ថាបនាពង្រីក(ពង្រីកនៅតំបន់ខ្លះ)បាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៤០ភាគរយហើយ។
ផ្លូវជាតិសំខាន់នេះ បាននិងកំពុងជម្រុញការលើកកំពស់ជីវភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ដោយសារកំនើននៃការវិនិយោគ ដែលបានធ្វើឲ្យតម្លៃដីបានកើនឡើងយ៉ាងគំហុក។
ផ្លូវជាតិលេខ៣
គិតរហូតមកទល់ពេលនេះ ផ្លូវជាតិលេខ៣ ដែលចាកចេញពីស្ពានអាកាសចោមចៅ ដល់ក្រុងកំពត ចម្ងាយ ១៤៨គីឡូម៉ែត្រ បានបញ្ចប់ការស្ថាបនាស្ទើរ១០០ភាគរយហើយ។ ការកសាង និងពង្រីកផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យសកម្មភាព និងការវិនិយោគនៅទឹកដីខេត្តកំពតកើនឡើងយ៉ាងសកម្ម។
ផ្លូវជាតិលេខ៣ បានពង្រីកជាពីរគន្លងរថយន្តទៅមក ដោយមានសួនច្បារចំកណ្តាល បានចាប់ផ្តើមពីតំបន់ស្ពានអាកាសចោមចៅ រហូតដល់ចំណុចថ្នល់បំបែកបាយគូស (ចំណុចផ្លូវបំបែកកំពត កែប)និងចាប់ពីចំណុចបាយគូស ដល់ក្រុងកំពតត្រូវបានពង្រីកទំហំត្រឹម១២ម៉ែត្រប៉ុណ្ណោះ។
ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាននេះ មានប្រវែងជិត៤០០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ជាង៥០០លានដុល្លារអាមេរិក ជាហិរញ្ញប្ប ទានរបស់រដ្ឋាភិបាលជប៉ុន។ ផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ផ្លូវជាតិនេះ សម្រេចលទ្ឋផលជាង៤០ភាគរយហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ ហើយនៅពេលសាងសង់បញ្ចប់ផ្លូវជាតិនេះ នឹងក្លាយជាចំណុចតភ្ជាប់ និងការដឹកជញ្ជូនទំនិញឆ្លងពីប្រទេសថៃ ឆ្លងកាត់កម្ពុជា មុនតភ្ជាប់ទៅកាន់ប្រទេសវៀតណាម។
រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដោយរៀបចំតំបន់ជាប់ផ្លូវជាតិលេខ៥ ជាសួនឧស្សាហកម្ម ដែលអាចទទួលបានផលប្រយោជន៍ ពីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសថៃ និងប្រទេសវៀតណាម។
ផ្លូវជាតិលេខ១០
វាជាផ្លូវជាតិប្រវត្តិសាស្រ្តថ្មីមួយ ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង។ ផ្លូវជាតិនេះតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ មុនតភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលជាមូល ដ្ឋានកំពង់ផែទឹកជ្រៅថ្មីមួយ សម្រាប់ដឹកជញ្ជូនកសិផលទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
ផ្លូវជាតិលេខ១០ បានសម្រេចលទ្ឋផលជាង៥០ភាគរយហើយ គិតរហូតមកទល់ពេលនេះ ដែលគំរោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។
ផ្លូវក្រវ៉ាត់ក្រុងទី៣
ការកសាងផ្លូវនេះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋានមានជីវភាពកាន់តែប្រសើរឡើង ដោយសារការសាងសង់ផ្លូវប្រវែងជាង៥៦គីឡូម៉ែត្រនេះ បានធ្វើឲ្យតម្លៃដីធ្លីនៅអមសងខាងផ្លូវនេះឡើងថ្លៃយ៉ាងគំហុក ពិសេសវាបាននិងកំពុងទាក់ទាញគំរោងវិនិយោគធំៗជាច្រើន។
តំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលធ្លាប់ជាបឹង ជាត្រពាំង និងជាអូរត្រូវបានចាក់បំពេញ និងជំនួសមកវិញដោយគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះអន្តរជាតិ។ បច្ចុប្បន្នការស្ថាបនាផ្លូវនេះ សម្រេចបានលទ្ឋផលជាង៥០ភាគរយរួចហើយ ខណៈស្ពានធំៗជាច្រើនក៏បាននិងកំពុងជិតបញ្ចប់ផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
ជាមួយគ្នានេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាផ្លូវប្រវត្តិសាស្រ្តទី១កម្ពុជា មិនធ្លាប់មានពីមុនមក បាននិងកំពុងសាងសង់សម្រេចបានលទ្ឋផលជាង៥០ភាគរយហើយ ដោយតំបន់ខ្លះត្រូវបានអនុញ្ញាត្តឲ្យធ្វើចរាចរណ៍រួចហើយ។
ផ្លូវជាតិដ៏សំខាន់ ដែលបាននិងកំពុងចំណាយថវិកា ប្រមាណ១៩០០លានដុល្លារអាមេរិក និងមានប្រវែងជាង១៩០គីឡូម៉ែត្រនេះ បាននិងកំពុងលើកកំពស់មុខមាត់កម្ពុជា និងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងនាពេលអនាគត។
ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប
បន្ទាប់ពីការស្ថាបនា ពង្រីកនូវផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ សម្រចបានលទ្ឋផលស្ទើរ១០០ភាគរយ រដ្ឋាភិបាលបានឈានមួយជំហ៊ានទៀត ដោយបានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីកសាង ពង្រីកផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ដើម្បីលើកកំពស់មុខមាត់របស់ខេត្ត លើកកំពស់សោភ័ណភាព ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
ផ្លូវទាំង៣៨ខ្សែ ដែលសម្រេចលទ្ឋផលប្រមាណ៤០ភាគរយនេះ បាននិងកំពុងបង្ហាញពីមហិច្ឆតារបស់រដ្ឋាភិបាល ក្នុងការជំរុញនិងលើកកំពស់សេដ្ឋកិច្ចជាតិ ពិសេសបង្កើនកិត្យានុភាពជាតិ ក្នុងទឹកដីអង្គរដ៏ល្បីល្បាញរបស់កម្ពុជា៕