ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច ជាវិស័យអទិភាពទីមួយ ដើម្បីគាំទ្រនិងពង្រីកដល់វិស័យមួយចំនួន ក្នុងនោះវិស័យសុខាភិបាលត្រូវបានលើកកម្ពស់ និងជម្រុញពង្រីកសេវានេះឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨កន្លងមកថា ដោយសារវិស័យសង្គមកិច្ចជាអាទិភាពដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ គ្រូពេទ្យត្រូវបានតម្លើងប្រាក់បៀវត្សរ៍ពីប្រមាណជាង៩៥ម៉ឺន នៅឆ្នាំ២០១៧ ដល់ប្រមាណជាង១លានរៀល នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ក្នុងខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លាន១សែនរៀល ខណៈឆ្នាំ២០១៣ មានប្រាក់បៀវត្សជាង៣៦ម៉ឺនប៉ុណ្ណោះ។






