ក្រុមហ៊ុនMeriwel របស់ម៉ាឡេស៊ីនឹងឈានជើងចូលទីផ្សារកម្ពុជានៅខែមិថុនានេះ

0

ដោយៈសុខុម

ភ្នំពេញ: ហាងអាហារបំប៉នសុខភាពដ៏ល្បីល្បាញ Meriwel នឹងហក់ចូលប្រឡូកក្នុងទីផ្សារតែគជ់នៅប្រទេសកម្ពុជា ជាមួយនឹងការបើកដំណើរការហាងតែគជ់ នៅក្នុងខែមិថុនានេះ។

លោកYaw Foo Hoe ស្ថាបនិកជនជាតិម៉ាឡេស៊ី នៃម៉ាកយីហោ (Brand)បានមានប្រសាសន៍ប្រាប់សារព័ត៌មាន EQS-News ចុះផ្សាយកាលពីថ្ងៃទី១៥ មិថុនាកន្លងមកបានឱ្យដឹងថា ដំណឹងល្អដ៏គួរឱ្យអបអរសាទរនេះ ត្រូវបានប្រកាសក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបើកដំណើរការហាងតែគជ់ ដែលមានឈ្មោះថា MeriTea ដោយដំណាក់កាលដំបូងបើក១ សាខានៅក្នុងរាជធានីភ្នំពេញ ហើយនឹងបន្តបើកសាខាបន្ថែមទៀត នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១ នេះ។

លោក Yaw Foo Hoe ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meriwel មានប្រសាសន៍ថា “យើងពិតជារំភើបរីករាយ ចំពោះតម្រូវការតែគជ់នៅកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យើង ក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈដែលគិតគូរពីសុខភាព និងសុខុមាលភាពប្រជាជន យើងជឿជាក់ថា ការវិនិយោគរួមគ្នារបស់យើងក្នុងអាជីវកម្មតែគជ់នេះ គឺជាការសហការគ្នាដ៏ល្អ”។

លោកក៏បានប្រកាសដែរថា ម៉ាកយីហោតែគជ់MeriTea នេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈGCG Asia។ ដោយមានរោងចក្រផលិតនៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី GCG Asia គឺជាក្រុមហ៊ុនផលិតភេសជ្ជៈបំប៉នសុខភាពឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍។

លោកDato Sri Lim Chuan Lai ស្ថាបនិកក្រុមហ៊ុន GCG Asia បានមានប្រសាសន៍ថា “យើងមានមោទនភាព ដែលបានបណ្តាក់ទុនរួមគ្នា ក្នុងផ្នែកអាជីវកម្មថ្មីនេះក្នុងវិស័យភេសជ្ជៈ”។លោកបន្តថា “ខ្ញុំពិតជារំភើបរីករាយ ដែលបានឃើញលទ្ធផល សម្រាប់ការចាប់ដៃគូសហការថ្មីនេះ”។

លោក Yaw Foo Hoe បានបង្កើតក្រុមហ៊ុន Meriwel រួមគ្នាជាមួយភរិយារបស់លោកក្នុងឆ្នាំ២០០៨ នៅប្រទេសម៉ាឡេស៊ី ដើម្បីផលិតនូវផលិតផលអាហារបំប៉នសុខភាពតែមួយមុខគត់។ រយៈពេលជាងមួយទសវត្សរ៍ក្រោយមក ក្រុមហ៊ុនបានធ្វើពិពិធកម្មផលិតផលរបស់ខ្លួន រួមមាន ចាប់ពីអាហារបំប៉នសុខភាព រហូតដល់សេវាកម្មស្ប៉ា និងម៉ាស្សាដែលគ្រប់គ្រងដោយលោកស្រី Debbie Chew ដែលជាភរិយារបស់លោក Yaw Foo Hoe។

បន្ថែមពីលើការហក់ចូលក្នុងទីផ្សារកម្ពុជា លោក Yaw Foo Hoe បានពន្យល់ថា ម៉ាកយីហោ Meriwel ក៏នឹងពង្រីកការចែកចាយផលិតផលសុខភាព និងសុខុមាលភាពផងដែរ រួមមាន ផលិតផលអាហារបំប៉ន ផលិតផលគ្រឿងសម្អាង និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងសម្អាងនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here