ដោយៈសុខុម
ប៉េកាំង: ផ្លូវល្បឿនលឿនប៉េកាំង-អ៊ូយូមឈី (Beijing-Urumqi Expressway) ដែលជាផ្លូវល្បឿនលឿន ឆ្លងកាត់វាលខ្សាច់វែងបំផុតក្នុងពិភពលោក បានបើកឱ្យធ្វើចរាចរណ៍ពេញលេញកាលពីថ្ងៃពុធ ទី៣០ ខែមិថុនា កន្លងទៅ បន្ទាប់ពីកំណាត់ចុងក្រោយនៃផ្លូវនេះត្រូវបានដាក់ឱ្យដំណើរការ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនXinhuanet បានឱ្យដឹងថា ផ្លូវល្បឿនលឿន ដែលតបភ្ជាប់រដ្ឋធានីប៉េកាំង និងទីក្រុងអ៊ូយូមឈី (Urumqi) ក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ទីដែលជនជាតិភាគតិចវីហ្គួរ រស់នៅនេះមានប្រវែងសរុប២.៨០០គីឡូម៉ែត្រ ដោយក្នុងនោះប្រវែងជាង៥០០គីឡូម៉ែត្រ ឆ្លងកាត់វាលខ្សាច់រហោស្ថាន។

-->
ក្រៅពីក្រុងប៉េកាំង និងតំបន់ភ្នំស្វយ័តស៊ីនជាំង ផ្លូវល្បឿនលឿននេះក៏ឆ្លងកាត់ខេត្តចំនួន៤ផ្សេងទៀតផងដែរ រួមមានខេត្តហឺប៉ី (Hebei) ខេត្តសានស៊ី (Shanxi) តំបន់ស្វយ័ត Inner Mongolia និងខេត្តកានស៊ូ (Gansu)។
ផ្លូវនេះឆ្លងកាត់ចន្លោះពីក្រុងអ៊ូយូមឈី និងទីក្រុងប៉េកាំង ចម្ងាយ១.៣០០គីឡូម៉ែត្រ ហើយវាជាផ្លូវល្បឿនលឿនបំផុតនៅទូទាំងប្រទេសចិន។

កំណាត់ផ្លូវល្បឿនលឿននេះ ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់ថ្នាក់ខេត្តផ្សេងៗទៀត បានបើកឱ្យដំណើរការហើយ។
ដោយសារតែបរិស្ថានធម្មជាតិ មិនអំណោយផល និងស្ថានភាពភូមិសាស្ត្រ មានលក្ខណៈស្មុគស្មាញ កំណាត់ឆ្លងកាត់វាលខ្សាច់ នៃផ្លូវល្បឿនលឿននេះក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង ត្រូវបានបង្ហើយចុងក្រោយគេបង្អស់៕