ប្រធានាធិបតីចិនជំរុញឲ្យអឺរ៉ុបរៀនដើរតាមយុទ្ឋសាស្រ្តឯករាជ្យម្ចាស់ការលើខ្លួនឯង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជិនពីងបានថ្លែងថា អឺរ៉ុបអាចនឹងដើរតួនាទីកាន់តែច្រើន នៅក្នុងកិច្ចការអន្តរជាតិ និងគួរដើរតាមយុទ្ធសាស្ត្រឯករាជ្យម្ចាស់ការលើខ្លួនឯង និងផ្ដល់តម្លាភាព យុត្តិធម៌ និងបរិយាកាសមិនលម្អៀង សម្រាប់បណ្ដាក្រុមហ៊ុនចិន។

លោកប្រធានាធិបតីបានថ្លែងបែបនេះ ទៅកាន់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ថា លោករំពឹងចង់ឃើញប្រទេសចិន និងសហភាពអឺរ៉ុប អាចពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបក៏ដូចជាដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

លោកស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ម៉ាក្រុង និងលោកស្រី មើគែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

កាលពីខែឧសភាកន្លងទៅ សភាអឺរ៉ុបបានលុបចោលការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន រហូតទាល់ទីក្រុងប៉េកាំងដកទណ្ឌកម្មចេញពីក្រុមមន្ត្រី និងអ្នកនយោបាយអឺរ៉ុបជាមុនសិន។

ទំនាក់ទំនងរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញថា ជួបភាពតានតឹងបន្ថែម នៅក្នុងឆ្នាំ២០២១នេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានងាកមកចាប់ដៃគូជាមួយអឺរ៉ុបខ្លាំងឡើងវិញ ស្ថិតក្នុងគោលដៅរាំងខ្ទប់ឥទ្ធិពលចិន នៅលើពិភពលោក៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here