ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ មានដំណឹងល្អម្តងទៀតហើយ សម្រាប់អាគារ Gold Tower 42 ជាន់ ដែលម្ចាស់គំរោងនេះបានសន្យា នឹងសាងសង់ឡើងវិញនៅដើមឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសេង ឡូតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ វិច្ឆិកានេះថា ក្រុមហ៊ុននេះបានផ្ញើរលិខិតមកកាន់ក្រសួងកាលពីខែសីហា និងសុំរយៈពេល៦ខែបន្ទាប់ នឹងធ្វើការសាងសង់អាគារនេះឡើងវិញ ហើយបើគិតពីខែសីហា មករយៈពេល៦ខែខាងមុខ អាគារនេះអាចនឹងសាងសង់ឡើងវិញនៅដើមឆ្នាំក្រោយ។លោកបន្តថា ទោះជាយ៉ាងណាលោកមិនប្រាកដថា ការសាងសង់អាគារនេះ នឹងធ្វើឡើងតាមការសន្យាឬ អត់នោះទេ។
លោកបន្តថា “សូមកុំអាលសរសេរ ព្រោះវាមិនប្រាកដនោះទេ ដោយសារម្ចាស់អាគារនេះបានសន្យាជាច្រើនដងហើយ ប៉ុន្តែមិនដែលបានធ្វើនោះទេ។
ក្រុមហ៊ុន YUNWOO បានប្រកាសសាងសង់គំរោងនេះឡើងវិញ ម្តងហើយម្តងទៀត ប៉ុន្តែការសន្យាមិនបានធ្វើឡើងជាក់ស្តែងនោះទេ ព្រោះគម្រោងនេះបានពន្យាពេលសាងសង់ម្តង ហើយម្តងទៀតរហូតមកទល់ពេលនេះ។
អាគារ Gold Tower 42 គ្រោងសាងសង់ ដោយចំណាយប្រាក់២៤០លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន Hanil Construction ដែលមានមូល ដ្ឋាននៅប្រទេសកូរ៉េ។
អាគារនេះបានផ្អាកការសាងសង់នៅកំឡូងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ និងបានសាងសង់ឡើងវិញនៅកំឡុងឆ្នាំ២០១០ ដែលធ្វើឲ្យអាគារនេះសាងសង់សម្រេចបាន៣២ជាន់ ហើយបានផ្អាកការសាងសង់ឡើងវិញរហូតមកទល់ពេលនេះ៕