ដោយ: ហ៊ុយ ក្រេង- July 19, 2021
ភ្នំពេញ: តាមការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចនឹងពង្រីកខ្លួនធំបាន ដោយមានកត្តាធំៗជាច្រើនស្របពេល ដែលកម្ពុជារក្សាគោលជំហររឹងមាំ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវយ៉ាងច្រើនបានបង្ហាញថា ការវិនិយោគលើធនធានមនុស្សគឺពិតជាកត្តាដ៏ចម្បងមួយ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលដែលការកសាងមូលធនមនុស្ស ឬជាភាសាបរទេស “Human capital” អាចផ្តល់ជាអត្ថប្រយោជន៍អរូបិយ និងសម្រាប់បុគ្គលឯកជនផ្ទាល់ក៏ដោយ ក៏ជារួម វាបានផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចទាំងមូលផងដែរ។
យោងតាមការសិក្សាថ្មីៗបានបង្ហាញថា មូលធនមនុស្សរួមចំណែកប្រមាណលើសពីរភាគបី នៃការបង្កើនទ្រព្យសម្បត្តិរបស់ពិភពលោកទាំងមូល។
ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូចបានមានប្រសាសន៍ក្នុងវេទិកាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាកាលពីសប្តាហ៍មុន ដោយផ្តល់នូវទស្សនទានចំនួន៤ចំណុច ដើម្បីពង្រឹងឧត្តមភាពសេដ្ឋកិច្ចកម្ពុជា។ ចំណុចសំខាន់ៗទាំងនោះរួមមាន
១) ធនធានមនុស្សកម្ពុជា
ជាឆ្អឹងខ្នងធំហើយដើរតួយ៉ាងសំខាន់ ដែលក្នុងនោះមិនត្រឹមតែចំណេះដឹង បូករួមទាំងសីលធម៌នឹងការគិតក្នុងកម្រិតខ្ពស់គឺសុជីវធម៌។ ក្រៅអំពីការសិក្សាតាមកម្រិតថា្នក់ ពោលគឺថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថា្នក់បណ្ឌិតនោះ ការសិក្សាជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ពលរដ្ឋកម្ពុជាភាគច្រើន បានដាក់សេចក្តីសង្ឃឹមរបស់ខ្លួន ចំពោះកូនៗរបស់គេក្នុងការសិក្សាឲ្យបានខ្ពស់ ហើយមិនសូវជាបានគិតថា ការសិក្សាជំនាញមានសារៈសំខាន់នោះទេ។
ការសិក្សាជំនាញមួយដែលច្បាស់លាស់ ហើយប្រើរយៈពេលត្រឹមមួយឆ្នាំ ឬពីរឆ្នាំនោះគឺពិតជាអាចរកថវិកាបានគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងសហគមន៍ទៀតផង។
២) វិស័យកសិកម្ម
កម្ពុជាជាប្រទេសកសិកម្ម កសិកម្មគឺត្រូវពឹងផ្អែកលើចំណេះដឹង ជំនាញនិងការធ្វើពិពិធកម្មបន្ថែម។
៣) វិស័យទេសចរណ៍
កម្ពុជាយើងបច្ចុប្បន្នទេសចរណ៍ដើរតែពីរទេគឺ ទេសចរណ៍វប្បធម៌ នឹងទេសចរណ៍ឆ្នេរ។ ទេសចរណ៍ទាំងអស់មានមាន៤ ដែលមិនដើរគឺ ទេសចរណ៍ផលិតផល ទេសចរណ៍សប្បនិម្មិត ទេសចរណ៍វិស័យសុខាភិបាល ទេសចរណ៍បរិស្ថាន។
៤) សហគ្រាសធុនតូច និងមធ្យម
កម្ពុជាត្រូវបង្កើនការផលិតដោយខ្លួនឯង និងកែច្នៃផលិតផលស្រូវ និងផលិតផលកសិកម្មជាច្រើនទៀត ដែលកម្ពុជាអាចផលិតបានសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
យោងតាមរបាយការណ៍ចេញផ្សាយក្នុងពេលថ្មីៗនេះ របស់ធនាគារពិភពលោកស្ដីអំពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩” ការបង្កើនគុណភាពនៃមូលធនមនុស្ស នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាស្នូល ដើម្បីសម្រេចឲ្យបានគោលបំណង ក្នុងការប្រែក្លាយខ្លួនជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ថ្វីបើប្រៀបធៀបនៅក្នុងតំបន់ ការអភិវឌ្ឍមូលធនមនុស្សក្នុងប្រទេស កម្ពុជានៅមានភាពយឺតយ៉ាវនៅឡើយ។
ធនធានសេដ្ឋកិច្ចជាប្រភពចម្បង ក្នុងការរក្សាស្ថេរភាពរីកចម្រើនទៅមុខ។ ធនធាននឹងការវិនិយោគ ត្រូវតែដើរស្របពេលតែមួយក្នុងបរិកម្មធីជីថល។ កម្រិតនៃការកើនឡើងចេះតែរុញសេដ្ឋកិច្ចខ្លួន ពីមួយដំណាក់កាលទៅមួយដំណាក់កាល រីឯការអភិវឌ្ឍនូវតែបន្តខិតខំផ្តាច់មុខទាំងនៅក្នុងកម្រិតតំបន់ និងទីក្រុង ដើម្បីឈានទៅរកសេដ្ឋកិច្ចដែលមានភាពខ្លាំង។
លើសពីការអភិវឌ្ឍមូលធន បើកម្ពុជាបន្តពង្រឹងលើចំណេះដឹង នៃការផលិតដោយខ្លួនឯងក្នុងតំបន់នឹងទីក្រុង ដើម្បីសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ប្រាកដណាស់កម្ពុជាធានាស្ថេរភាព។
ការអភិវឌ្ឍសេដ្ឋកិច្ចថ្មីៗនិងទស្សនៈវិស័យ សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អជាងការរំពឹងទុកពីឆ្នាំមុន។ ការប៉ាន់ស្មានបឋមបង្ហាញពីកំណើនពិត ដែលមានកម្រិតខ្ពស់ក្នុងរយះពេលបួនឆ្នាំកន្លងមកគឺ ៧.៥ ភាគរយនៅឆ្នាំ ២០០៨ ធៀបនឹង ៧.០ ភាគរយនៅឆ្នាំ ២០០៧។ កំណើននេះត្រូវបានជំរុញដោយការនាំចេញ និងតម្រូវការក្នុងស្រុកដ៏ខ្លាំងក្លា។
កំណើនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែរឹងមាំ បើទោះជាស្ថានភាពសកលលោកមិនល្អក្តី។
ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា អ្វីដែលត្រូវពិចារណានាពេលនេះ គឺយើងមានគោលនយោបាយច្រើនហើយ សំខាន់មិនមានអ្នកធ្វើ ហេតុនេះយើងត្រូវការមានអ្នកធ្វើឲ្យចេញលទ្ឋផល កុំឲ្យនិយាយចោល និយាយចោល។
លោកបន្តថា “យើងមិនត្រូវការភាពបត់បែនច្រើនទេ ក្នុងសេដ្ឋកិច្ច ព្រោះយើងមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តរួចហើយ ប៉ុន្តែអ្វីសំខាន់យើងត្រូវធ្វើឲ្យបាន ដើម្បីឆ្ពោះទៅកាន់គោលដៅដែលយើងចង់បាន”៕