អំណាចនៃការទិញកើនឡើងបាន ធ្វើឲ្យទំហំផ្សារទំនើបកើនឡើងយ៉ាងគំហុក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អំណាចនៃការទិញ ដោយសារប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង បានធ្វើឲ្យទំហំផ្សារទំនើបកើនឡើងយ៉ាងខ្ពស់នៅដំណាច់ត្រីមាសទី២ ឆ្នាំ២០១៨នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE  Cambodia ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨នេះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ទំហំផ្សារទីផ្សារទំនើបក្នុងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់៤៣ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨។ ការកើនឡើងនៃការផ្គត់ផ្គង់ផ្សារទំនើបនេះ កើតឡើងស្របពេល មានវត្តមានផ្សារទំនើប អេអនទី២ ក្នុងខណ្ឌសែនសុខ ដែលមានផ្ទៃក្រឡារហូតដល់៨៥ ០០០ម៉ែត្រក្រឡា។ ក្រៅពីវត្តមានផ្សារទំនើបអេអន២ ក៏មានវត្តមាន Prince Central Plaza និងការបើកទ្វារបស់ THE Bridge ផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីវត្តមានផ្សារទំនើបធំៗដែលបានបើកលក់ទាំងនេះ ក៏មានគម្រោងផ្សារទំនើបធំៗជាច្រើនទៀត នឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ ២០១៨នេះផងដែរ។ ក្នុងនោះមានដូចជាMidtown Mall , The Bridge និង The Olympia Mall   ដែលនឹងបន្ថែមទំហំប្រមាណជា៥៥ ០០០ម៉ែត្រក្រឡាថែមទៀត។

ចំណែកឯទំហំនៃការជួលវិញ ហាក់នៅមានស្ថេរភាព នឹងនរ មិនមានការកើនឡើងរឺថយចុះនោះទេសម្រាប់ត្រីមាសទី២នេះ ។ រីឯទីតាំងទំនេរវិញហាក់មានការធ្លាក់ចុះប្រមា​ណក្រោម១០% ដោយគេមើលឃើញថា ក្នុងទីតាំងផ្សារទំនើបអេអនទាំងពីរសឹងតែមានការជួលពេញទាំងអស់។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែ​ង​ថា ការកើនឡើងនូវទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើននូវជីវ​ភាពរបស់ប្រជាពលរដ្ឋ និងកម្ពុជាជាទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិដែលពួកគេមើលឃើញឳកាស​ច្រើននៅទីនេះ។ អ្នកនាងបន្តថា អំណាចនៃការទិញបានកើនឡើងនៅកម្ពុជា កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាមូលហេតុនៃការទាក់ទាញក្រុមហ៊ុនថ្មីៗជាច្រើនចូលមកកាន់ទីផ្សារនេះ។

អ្នកនាងបន្តថា “ឆ្នាំនេះទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ បានកើនឡើងច្រើន ប៉ុន្តែមិនទាន់លើសតម្រូវការទេ ដោយសារផ្សារទាំងនោះមានទីតាំង និងចាប់យកអតិថិជនគោលដៅផ្សេងៗគ្នា”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានថ្លែងថា ការរីកចម្រើននៃសេដ្ឋកិច្ច ដែលបានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយបានធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារមួយ មានភាពទាក់ទាញអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន ហើយ​នឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ដោយសារសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងរយៈពេលវែងបន្តទៀត។

លោកបន្តថា “ខ្ញុំជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ដែលនឹងជំរុញកំនើនប្រាក់ចំណូលប្រជាពលរដ្ឋបន្ថែ​មទៀត ហើយពេលណាប្រាក់ចំណូលកើនឡើង កំលាំងទិញនៅទីផ្សារនឹងកើនឡើងជាស្វ័យប្រ​វត្តិ”៕  

LEAVE A REPLY

Please enter your comment!
Please enter your name here